ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ភូមិភាគបូព៌ា កាលក្នុងសង្រ្គាមឆ្នាំ១៩៧០ មាន៦តំបន់ គឺតំបន់២០, តំបន់២១, តំបន់២២, តំបន់២៣, តំបន់២៤ នឹង តំបន់២៥ ។ តំបន់២៥ ស្ថិតនៅត្រើយខាងលិចទន្លេអ្នកលឿង ខេត្តកណ្ដាល ។ ប៉ុន្តែនៅក្នុងឆ្នាំ១៩៧១ គណៈកម្មាធិកាមជ្ឈិមបក្សបានសម្រេចចិត្តបង្កើតភូមិភាគថ្មីមួយ គឺភូមិភាគពិសេស ក៏ត្រូវកាត់យកតំបន់២៥នេះ ទៅអោយនៅក្រោមការគ្រប់គ្រប់របស់ភូមិភាគពិសេស នោះវិញ។

ចាប់ពីពេលនោះមក ភូមិភាគបូព៌ានៅសល់តែតំបន់២០, តំបន់២១, តំបន់២២, តំបន់២៣ និងតំបន់២៤ ។ គណៈកម្មាធិការបក្សភូមិភាគបូព៌ា មាន សមមិត្តសា ភឹម ជាលេខាគណៈកម្មាធិការបក្សភូមិភាគ និងជាប្រធានគណៈកម្មាធិការបំរើប្រជាជនភូមិភាគ, សមមិត្តភួង ជាអនុលេខា និងសមមិត្តឈូក (ឈ្មោះដើម៖ សួស នៅ)ជាសមាជិក និងជាលេខាគណៈកម្មាធិការបក្សតំបន់២៤ ព្រមទាំងមានសមាជិកត្រៀម២នាក់ទៀត គឺ ស៊ិន សូ ជាលេខាគណៈកម្មាធិការបក្សតំបន់២៣ (ខេត្តស្វាយរៀង) នឹងសមមិត្តឈាន មេបញ្ជាការកងពលធំទី៣ របស់ភូមិភាគ ។

ពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧១ សមមិត្តភួង ជាអនុលេខាបក្សភូមិភាគ ទទួលបន្ទុកជាលេខាគណៈកម្មាធិការបក្សតំបន់២១។ ពីឆ្នាំ១៩៧១មក សមមិត្តភួង ត្រូវបានផ្លាស់មកកាន់តំណែង ជាប្រធានមន្ទីរសេដកិច្ចភូមិភាគបូព៌ា ហើយសមមិត្តចាន់ សេងហុង ជាអនុលេខា ត្រូវបានចាត់តាំងជាលេខាគណៈកម្មាធិការបក្សតំបន់២១ ជំនួសសមមិត្តភួង ។

នៅចុងឆ្នាំ១៩៧៥ គឺក្រោយបានឡើងកាន់អំណាចបាន៦ខែ គណៈកម្មធិការមជ្ឈិមបក្ស បានធ្វើការកែសម្រួលសមាសភាពដឹកនាំភូមិភាគបូព៌ា មួយចំនួន។ សោ ភឹម នៅតែជាជាលេខាគណៈកម្មាធិការបក្សភូមិភាគ និងជាប្រធានគណៈកម្មាធិការបំរើប្រជាជនភូមិភាគ ដដែល។ ឯភួង ត្រូវបានទម្លាក់ពីតួនាទីពីអនុលេខាបក្ស មកជាសមាជិកគណៈកម្មាធិការបក្សភូមិភាគ វិញ ហើយបានចាត់តាំង ចាន់ សេងហុង ដែលជាំលេខាបក្សតំបន់២១ ឱ្យឡើងជាអនុលេខាភូមិភាគ ជំនួសវិញ និងបញ្ចូលសមាជិកណៈកម្មាធិការបក្សភូមិភាគ ថ្មី ២នាក់ទៀត ក្នុងនោះមានម្នាក់ឈ្មោះ ពាម ជាប្រធានមន្ទីរភូមិភាគ។ ពាម មានឈ្មោះដើមថាសុខ ខ្នុល ជាអតីតនិស្សិតមកពីប្រទេសបារាំង បានចូលរួមក្នុងចលនាតស៊ូពីឆ្នាំ១៩៥៤ បញ្ចូលសមាជិកគណៈកម្មាធិការបក្សភូមិភាគ ថ្មី ។

សោ ភឹម បានចាប់កំណើតនៅដើមទសវត្សរ៍១៩២០ ក្នុងគ្រួសារកសិករមួយដែលមានឪពុកឈ្មោះ ប្រាក់ នឹង ម្ដាយឈ្មោះមុំ រស់នៅភូមិចិន ឃុំគគីរសោម ស្រុករំដួល ខេត្តស្វាយរៀង។ ប៉ុន្តែចាប់ពីមានសង្គា្រមពីឆ្នាំ១៩៧០មក ពួកខ្មែរក្រហមបានដូរឈ្មោះ ភូមិចិននោះ ទៅជាភូមិសង្គម ឃុំគគីរសោម ស្រុកប្រសូត្រ តំបន់២៣ វិញ។ សោ ភឹម មានឈ្មោះកំណើតប្រាក់ ចាម មានបងប្អូន៤នាក់គឺ ទី១- ប្រាក់ ជុំ (ប្រុស) ទី២- ប្រាក់ ឈុន (ស្រី) ទី៣- ប្រាក់ ចាម (សោ ភីម) និងទី៤ ប្រាក់ ឌុល ហៅប្រាក់ ទិត ជាកូនពៅគេ ។

កាលវ័យក្មេងគាត់បានសាងផ្នួសជាសាមណេរជាមួយបងប្រុសគាត់ ឈ្មោះប្រាក់ ជុំ រហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៤០ ក៏បានលាចាកសិក្ខាបទ ចូលរួមក្នុងការចលនាតស៊ូខ្មែរឥស្សរៈប្រឆាំងនឹងពួកអាណានិគមបារាំង នៅក្នុងព្រៃស្រុករមាសហែក ខេត្តស្វាយរៀង និងស្រុកកំចាយមារ ខេត្តព្រៃវែង ភាគខាងកើតប្រទេស ដែលមានមេដឹកនាំឈ្មោះសឺន ស៊ីចាន់។ សម័យនោះ ពួកខ្មែរឥស្សរៈមានច្រើនក្រុម ដោយក្រុមខ្លះមានពួកថៃ ជាអ្នកជួយឧបត្ថមគាំទ្រ និងក្រុមខ្លះមានពួកវៀតមិញ ជាអ្នកឧបត្ថមគាំទ្រ។ តែក៏មានក្រុមខ្លះ ជាក្រុមឯករាជ្យមិនចំណុះបរទេសឡើយណា ហើយក្រុមខ្លះទៀត បានធ្វើសកម្មភាពសម្លាប់ ឬចាប់ពួកមន្រ្តីរាជការខ្មែរ ដែលបម្រើការងារអោយពួកបារាំង យកចូលទៅក្នុងព្រៃធ្វើទុក្ខទោស និងក្រុមខ្មែរឥស្សរៈខ្លះ ក៏បន្លំធ្វើសកម្មភាពលួចប្លន់ទ្រព្យសម្បត្តិរបស់ប្រជាជនស្លូតត្រង់ដែរ។ ថ្ងៃមួយ ពួកខ្មែរឥស្សរៈរបស់សោ ភឹម ដែលនៅក្នុងព្រៃស្រុករមាសហែក និងស្រុកកំចាយមារ បាននាំគ្នាចេញពីព្រៃ ទៅចាប់ស្មៀនឃុំគគីរសោម ឈ្មោះស៊ាំ ដែលជាឃុំកំណើតរបស់គាត់ នាំយកមកក្នុងព្រៃតស៊ូរបស់ពួកគាត់។

ស្មៀនឃុំឈ្មោះស៊ាំ នេះ ក៏មានស្រុកកំណើតនៅភូមិចិន ជាមួយ សោ ភឹម ដែរ។ ប្រហែលជាធ្លាប់ស្គាល់គ្នាច្បាស់តាំងពីកុមារភាពមកនោះ ស្មៀនឃុំម្នាក់នេះ ពុំមាននរណាវាយធ្វើបាបអ្វីឡើយ ហើយក្រោយមកគាត់ក៏បានចូលរួមក្នុងចលនាតស៊ូជាមួយសោ ភឹម រហូតគាត់បានក្លាយជាលេខាគណៈកម្មាធិកាបក្សភូមិភាគមួយ គឺស្មើនឹងសោ ភឹម ជាលេខាគណៈកម្មាធិការបក្សភូមិភាគបូព៌ា ដែរ។

អតីតស្មៀនឃុំគគីរសោម ឈ្មោះស៊ាំ នោះ គឺគ្មាននរណាក្រៅពី ណី សារ៉ាន់ ហៅយ៉ា ជាលេខាគណៈកម្មាធិការបក្សភូមិភាគឥ្ឍសាននោះឡើយ។ កាលសម័យតស៊ូ ណី សារ៉ាន់ ហៅយ៉ា បានដូរឈ្មោះជា ម៉ែន សាន ហៅអាចារ្យស៊ាង ។ ចំណែក សោ ភឹម ក៏បានដូរឈ្មោះជា សុវណ្ណា, សោ យ៉ាន់ នឹងមានរហ័ស្សនាម០៩ ផងដែរ។

នៅក្នុងឆ្នាំ១៩៥០ សោ ភឹម បានរៀបការជាមួយក្រមុំម្នាក់ឈ្មោះ ច្រែង ជាកូនអ្នកភូមិជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលត្រូវជាបងប្អូនជីដូនមួយរបស់ជំទាវញ៉ែម សឿន (ភរិយារបស់សម្ដេចជា ស៊ីម )ផងដែរ៕
(នៅមានតលើកក្រោយទៀត)