រាជធានីបាងកក៖ បុគ្គលិកកាស៊ីណូ ជនជាតិចិន ចំនួន៣នាក់ បានឆ្លងដែន ចេញពីប្រទេសភូមា ចូលមកកាន់ប្រទេសថៃ ដោយខុសច្បាប់ ក៏ត្រូវ​អាជ្ញា​ធរ​ថៃ ឃាត់ខ្លួន និងដកហូតបានលុយ ចំនួន៨លានបាត (លុយថៃ) ឬស្មើ​នឹង​ជិត២៦ម៉ឺនដុល្លារអាមេរិក។

ប៉ូលិសថៃ បានឲ្យដឹងថា ជនជាតិចិនទាំង៣នាក់ខាងលើនេះ គឺប្រុសម្នាក់ និងស្រី២នាក់ ហើយពួកគេជាបុគ្គលិកកាស៊ីណូ។ ប៉ុន្ដែការឃាត់ខ្លួននេះ ក៏ដោយសារតែពួកគេបានចេញពីទីក្រុង Myawaddy របស់ប្រទេស​មីយ៉ាន់ម៉ា (ភូមា) ចូលក្នុងទឹកដីថៃ ដោយខុសច្បាប់។

ប៉ូលិសថៃ បានបញ្ជាក់ថា មុនពេលឃាត់ខ្លួនោះ អ្នកស្រុកជាជនជាតិថៃ បានរាយការណ៍មកប៉ូលិសថា មានជនបរទេសចំនួន៣នាក់ គឺស្រី២នាក់ និងបុរសម្នាក់ ចូលមកក្នុងស្រុក Mae Sot នាភាគខាងជើង ខេត្ដ Tak ប្រទេសថៃ។ ប៉ុន្ដែដោយសារប្រទេសមីយ៉ាន់ម៉ាន់ មានការរីករាលដាល នៃកូវីដ-១៩ខ្លាំង ប៉ូលិសថៃបានបង្កើនការយាមល្បាត នៅតាមព្រំដែន​របស់ខ្លួន ហាមឃាត់អ្នកចេញពីប្រទេសភូមា ចូលមកលើទឹកដីថៃ។

ប៉ូលិសថៃ បានបន្ថែមថា បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ ប៉ូលិស បានទៅកាន់ចំណុចខាងលើ ក៏ឃើញជនជាតិចិនចំនួន៣នាក់ ដូចអ្វីដែល​បានរាយ​ការណ៍ពិតប្រាកដមែន។ ពួកគេបានឆ្លងទន្លេ Moei ដែលពុះ​ចេញ​ទឹកដី Myawaddy របស់ភូមា និងស្រុក Mae Sot របស់ថៃ ដោយ​មាន​ការជួយ ពីជនជាតិភូមាផងដែរ។ រីឯជនជាតិចិនទាំងនេះ មានគោល​បំណង​គេច ចេញពីប្រទេសភូមា ជាទីដែលកំពុងមានការរីករាតត្បាតខ្លាំង ពីកូវីដ-១៩ ។ ក្រៅពីឃាត់ខ្លួននោះ ប៉ូលិសបានឆែកឆេក រកឃើញ​មាន​លុយ រហូតដល់៨លានបាត (លុយថៃ) ឬស្មើនឹង ២៥៥ ៤៦៩ដុល្លារ​អាមេរិក។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចថៃ បាននាំខ្លួនជនជាតិ​ចិនទាំង​៣នាក់ និងវត្ថុតាង ទៅកាន់ស្ថានីយ៍ប៉ូលិស ដើម្បីសាកសួរបន្ថែម និង​ចាត់ការតាមច្បាប់៕