ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីដើមសប្តាហ៍នេះបានបរិច្ចាគថវិកា ៥៥.០០០ ដុល្លារអាមេរិក ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីឆ្លើយតបទៅនឹងគ្រោះទឹក​ជំនន់​ដែលបានជន់លិចស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេស។

ភ្លៀងធ្លាក់ជោគជាំកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានបង្ករជាទឹកជំនន់ដែល​ប៉ះ​ពាល់ដល់ខេត្តចំនួន១៩។ របាយការណ៍ដែលចេញផ្សាយដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រងគ្រោះមហន្តរាយកាលពីថ្ងៃទី១៩តុលា បានប្រកាសថា យ៉ាងហោច​ណាស់​មាន ៧៣.៧២០គ្រួសារ (ស្មើនឹង ២៩៤.៨៨០នាក់)បានទទួល​រងផលប៉ះ​ពាល់​ដោ​យ​ទឹកជំនន់ដែលក្នុងនោះ ៩.៣៤៩ គ្រួសារត្រូវបានជម្លៀសពីផ្ទះ​សម្បែងរបស់​ពួកគេ។ ចំនួននេះ អាចនឹងកើនឡើងប្រសិនបើមានភ្លៀង និងព្យុះជាបន្តបន្ទាប់ទៀត។ ការ​ខូច​ខាតផ្សេងទៀត ក៏ត្រូវបានរាយការណ៍ផងដែរ រួមមាន ផ្ទះ សាលារៀន ដំណាំ ផ្លូវ និង​ស្ពាន។ល។ការឧបត្ថម្ភរបស់ណាហ្គាវើលដ៍នឹងត្រូវប្រើប្រាស់​ដើម្បីទិញ​អង្ករ​ប្រ​មា​ណ​១០០តោនដែលមន្ត្រីនគរបាលនឹងយកទៅចែកជូនដល់​ជនរងគ្រោះដោយ​ទឹកជំន​ន់​។

លោកឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា អគ្គស្នងការរងនគរបាលជាតិ តំណាងលោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងលោក ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទ​ល្មើសបច្ចេកវិទ្យា​បានអញ្ជើញ​មក​ទទួលថវិកានេះ ។

លោកឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា បានមានប្រសាសន៍ថា“យើងសូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។ ការឧបត្ថម្ភ​នេះ បានមកចំពេលនិងឆ្លើយតបយ៉ាងរហ័សចំពោះស្ថានភាពគ្រោះទឹកជំនន់ ព្រមទាំង​ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងផ្តល់កម្លាំងចិត្តដល់មន្ត្រីរបស់យើង​ដែលកំពុងធ្វើ​ការ​ជួរមុខឥតមាននឿយហត់ដើម្បីសង្គ្រោះប្រជាពលរដ្ឋ។ ណាហ្គាវើលដ៍ បានចូលរួម​ឧប​ត្ថម្ភ​យ៉ាងច្រើនដល់ប្រជាជនកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ហើយយើង​ខ្ញុំ​សូម​ជូនពរឲ្យណាហ្គាវើលដ៍ទទួលបានជោគជ័យ​ជាបន្តទៀតនៅក្នុង​ប្រតិបត្តិការធុរកិច្ច​របស់ខ្លួន”។

ការឧបត្ថម្ភដល់នគរបាលជាតិត្រូវបានធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ​ដែ​ល​​មានការចូលរួមពីនាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen នាយកគ្រប់​គ្រង​ហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Cherchi Chen នាយកប្រតិបត្តិផ្នែកប្រតិបត្តិការ និង​ទីផ្សារ លោក Mike Ngai និងនាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ លោក Sean Tan ។

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងផងដែរថា “ខ្យល់ព្យុះ​ដ៏​កាចសាហាវជាប់ៗគ្នាក្នុងពេលថ្មីៗនេះ បានបង្កជាទឹកជំនន់នៅក្នុង​ប្រទេស​ដែលឆ្នាំ​នេះ​គឺជាឆ្នាំដែលខ្យល់ព្យុះ និងទឹកជំនន់វាយប្រហារប្រទេសកម្ពុជា​ខ្លាំងបំផុតក្នុង​រយៈពេល​មួយទស​វត្សរ៍ចុងក្រោយនេះ។ ដូច្នេះមានប្រជាជនជាច្រើនដែលត្រូវការជំនួយបន្ទាន់ ហើយយើងសង្ឃឹមថាការឧបត្ថម្ភរបស់យើង នឹងជួយដល់សហគមន៍ដែលរងគ្រោះ”។ “យើងក៏សូមថ្លែងអំណរគុណនិងសូមកោតសរសើរដល់អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ និងមន្ត្រីពាក់ព័ន្ធផងដែរដែលកំពុងធ្វើការជួរមុខជួយដល់គ្រួសាររងគ្រោះនិងផ្តល់​ជំនួ​យ​ដល់ប្រជាជនដែលកំពុងត្រូវការជំនួយបំផុត”។

លោក Pern Chenបានធ្វើការកត់សម្គាល់ថាណាហ្គាវើលដ៍បេះដូង​បានធ្វើការ​ឧបត្ថម្ភ​សម្ភារបង្ការជំងឺកូវីដ-១៩ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិផងដែរនៅក្នុងខែឧសភា​ដែលជាផ្នែកមួយនៃគម្រោងឧបត្ថម្ភដល់ស្ថាប័នរដ្ឋរយៈពេល ៥ ខែកន្លងទៅដើម្បី​ជួយ​ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាលបានទទួលពី​ណាហ្គា​វើលដ៍នូវផ្ទាំងក្តារព័ត៌មានស្តីពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ទែរម៉ូម៉ែត្រស្វ័យ​ប្រវត្តិ និងឧបករណ៍ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិ ១០០ ឈុតកាលពីដើមខែនេះ​ដើម្បីរក្សាសុវត្ថិភាពដល់សិស្សានុសិស្ស និងមន្ត្រីអប់រំនៅពេលបើកសាលារៀន​ឡើង​វិញ។ មិនតែប៉ុណ្ណោះ ក្រសួងសុខាភិបាល ក៏បានទទួលម៉ាស៊ីនធ្វើតេស្តរកមេរោគ ១ គ្រឿង ឧបករណ៍ធ្វើតេស្តរកមេរោគ ៦.៤០០ ឈុត ឧបករណ៍ប្រមូលសំណាកមេរោគ ៣.០០០ ឈុតកុំព្យូទ័រយួរដៃ៥គ្រឿងនិងជែលលាងដៃ ៥០០ ដបផងដែរពីណា​ហ្គាវើល​ដ៍បេះដូងសប្បុរស។