ខេត្តបាត់ដំបង ៖ មន្រ្តីសុរិយោដីរូបសង្ហាម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះឃើញដេកដួលក្បែរម៉ូតូតាមចិញ្ចើមផ្លូវ ដោយរបួសពេញខ្លួន មានស្នាមកាប់ផង មានស្នាមវាយនឹងព្រនង់ផង នៅត្រង់ចំណុចផ្លូវឡាអេ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ និងរាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍។

ជនរងគ្រោះមានឈ្មោះ សុង វណ្ណារី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បម្រើការងារនៅក្នុងមន្ទីរសុរិយោដីខេត្តបាត់ដំបង ហើយប្រចាំការនៅក្នុងអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តបាត់ដំបង។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍បែបនេះ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅកន្លែងកើតហេតុ ពិនិត្យឃើញថា នៅលើរាងកាយរបស់ជនរងគ្រោះមានស្នាមកាប់ផង និងស្នាមវាយនឹងវត្ថុរឹងជាច្រើនកន្លែងទៀត ។ ភ្លាមនោះ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យឯកជនមួយកន្លែង ដើម្បីសង្គ្រោះជីវិត។ ទើបកម្លាំងការិយាល័យជំនាញចុះពិនិត្យស្លាកស្នាម ដោយប្រភពបន្តថា កាលពីល្ងាច មុនពេលកើតហេតុ ជនរងគ្រោះបានមកជួលបន្ទប់២០៦ នៃសណ្ឋាគារ ភ្លាស់ស៊ី ស្នាក់នៅ ហើយបន្តិចក្រោយមកជនរងបានជិះម៉ូតូចេញទៅក្រៅបាត់។ លុះនៅវេលាម៉ោងប្រហែលជា៣រំលងអធ្រាត្រ ទើបជនរងគ្រោះបានវិលមកបន្ទប់វិញ ហើយស្រែកឡូឡា បង្កសំឡេងរំខានយ៉ាងខ្លាំងដល់អ្នកស្នាក់នៅបន្ទប់ក្បែរគ្នា ទើបសន្តិសុខប្រចាំការពេលយប់ឡើងទៅមើល ទើបជនរងគ្រោះស្ងាត់មាត់ ព្រមទាំងបានចាកចេញពីសណ្ឋាគារ វិញបាត់ ។

សមត្ថកិច្ច បញ្ជាក់ថា ជុំវិញនឹងករណី សមត្ថកិច្ចនៅមិនទាន់ហ៊ានសន្និដ្ឋានបែបណាទេ រង់ចាំជនរងគ្រោះដឹងខ្លួន និយាយប្រាប់ពីដើមហេតុ និងជនដៃដល់សិន ទើបសមត្ថកិច្ចបើកប្រតិបត្តិការចាប់ខ្លួនជនដៃដល់នាំខ្លួនមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕