ខេត្តព្រះសីហនុ៖ ក្រពើមួយក្បាលដែលអ្នកភូមិ ប្រទះឃើញ និងចាប់បានកាលពីម៉ោង៧យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅក្នុងអូរក្រោយមន្ទីរព័ត៌មានខេត្ត ក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ជាខ្លាំងនោះ ពេលនេះ សត្វក្រពើត្រូវអ្នកស្រុកចាត់ចែងប្រល័យសង្ខារបាត់ទៅហើយ។

ពលរដ្ឋដែលចាប់ក្រពើនោះបាន មានឈ្មោះ កង វ៉ាន់រិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ក្រុមទី១២ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។ តាមព័ត៌មានចុងក្រោយ បុរសរូបនោះ បានវះពោះសម្លាប់ក្រពើនោះ ធ្វើជាអាហារបាត់ហើយ ។

សូមបញ្ជាក់ថា កូនក្រពើនោះមានទម្ងន់ប្រហែល៦គីឡូក្រាម តាមការសន្និដ្ឋានថា កូនក្រពើនោះ ទំនងជារួចពីកន្លែងចិញ្ចឹមណាមួយ ចូលមកក្នុងអូរ ក្រោយមានភ្លៀងធ្លាក់ច្រើនប៉ុន្មានថ្ងៃកន្លងមកនេះ៕