ខេត្តកំពង់ស្ពឺ៖ ប្តីប្រពន្ធ២នាក់ ខណៈកំពុងបើកម៉ូតូឌុបគ្នាធ្វើដំណើរសុខៗ ស្រាប់តែមានរថយន្ត១គ្រឿង បើកបំបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យស្ត្រីជាប្រពន្ធស្លាប់នៅកន្លែងយ៉ាងអាណោចអាធ័ម រីឯបុរសជាប្តីរងរបួសធ្ងន់ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៣-៦៤ ស្ថិតនៅត្រង់ចំណុចភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងនម៉ូតូម៉ាកស៊ុយហ៊្សុយគីស្មាស់ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1I-5033 អ្នកបើកឈ្មោះ ហង្ស សុវ៉ាន់ ភេទប្រុស អាយុ៥១ឆ្នាំ និងប្រពន្ធជិះពីក្រោយឈ្មោះ កែវ ឃីម ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាកតូយ៉ូតូ ព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-5134 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបុកពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូជាប្តីរបួសធ្ងន់ ហើយស្រី្តជាប្រពន្ធស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែក អ្នកបើកបររថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ ដោយបន្សល់រថយន្តនៅកន្លែងកើតហេតុ។

ប្រភពបន្តថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ ជួយចាត់ចែងដឹកអ្នករបួសទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកត្រពាំងក្រឡឹង។ចំណែក សពស្រ្តីរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ បន្ទាប់មក ទើបធ្វើការវាស់វែង យកយានយន្តពាក់ព័ន្ធទៅរក្សាទុកនៅអធិការនគរបាលស្រុកភ្នំស្រួច ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕