ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវកម្លាំងទឹកជំនន់ហូរកួចយកទៅ បណ្តាលឲ្យស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម នៅក្នុងភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ។ លុះនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ទើបសមត្ថកិច្ច និងក្រុមគ្រួសាររកសពជនរងគ្រោះឃើញ។

ជនរងគ្រោះដែលត្រូវទឹកជំនន់ហូរកួចយកទៅ ស្លាប់ចោលប្រពន្ធ និងកូនតូចៗឲ្យរញង់នេះមានឈ្មោះ ណាត លន ភេទប្រុស អាយុ៥០ឆ្នាំរស់នៅក្នុងមូលដ្ឋានខាងលើ។

សូមបញ្ជាក់ថា៖ កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ មានបុរសម្នាក់ និងកូនប្រុសម្នាក់ មានទីលំនៅក្បែរគល់ស្ពានលេខ១ ត្រូវទឹកជំនន់ហូរកួច បណ្តាលឲ្យជាឪពុកត្រូវបាត់ខ្លួន រីឯកូនត្រូវបានគេជួយទាន់ ។ ខណៈដែលជនរងគ្រោះបាននាំកូនប្រុស២នាក់ ត្រឡប់មកមើលផ្ទះរបស់ខ្លួន និងចង់យកអីវ៉ាន់ខ្លះនៅក្នុងផ្ទះ ស្រាប់តែបាក់ដីជាប់ផ្ទះ បណ្តាលឲ្យធ្លាក់ឪពុកនិងកូនម្នាក់ត្រូវកម្លាំងទឹកហូរកួចយកទៅ តែកូនប្រុសបានតោងជាប់ដើមឈើ ត្រូវគេជួយទាន់ ចំណែកឪពុកបានបាត់ខ្លួន ទើបតែរកសពជនរងគ្រោះឃើញនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ ហើយក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ។ ប៉ុន្តែអ្វីដែលគួរឲ្យសង្វេគនោះ ជនរងគ្រោះមានកូនប្រុសស្រីទៅដល់៥នាក់ មិនគួរណា ក្លាយជាក្មេងកំព្រាទាំងវ័យក្មេងបែបនេះសោះ តើអនាគតរបស់ពួកគេលំបាកត្រូវវេទនាយ៉ាងណា៕