រដ្ឋធានីហាណូយ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គ្រោះទឹកជំនន់ បានវាយប្រហារយ៉ាងខ្លាំងមកលើប្រទេសវៀតណាម ហើយរហូតមក​ដល់​ពេលនេះ ចំនួនអ្នកស្លាប់ បានកើនឡើងដល់ ១០៥នាក់ និង បាត់​ខ្លួន​២៧នាក់ ហើយវាបានបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសនេះ អស់ជាង២០០​លាន​ដុល្លារអាមេរិក។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម បានចេញរបាយការណ៍ កាល​ពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ថា ចាប់តាំងពីដើមខែតុលា មក គ្រោះ​ធម្មជាតិ រួមមាន គ្រោះទឹកជំនន់, ការរអិលបាក់ដី និងគ្រោះ​ថ្នាក់​ផ្សេងៗ​ទៀត បានសម្លាប់ពលរដ្ឋវៀតណាម យ៉ាងហោចណាស់ ១០៥នាក់ និងមនុស្សចំនួន២៧នាក់ទៀត កំពុងបាត់ខ្លួន។ ជនរងគ្រោះទាំងនោះ ភាគច្រើន រស់នៅតំបន់ខ្ពង់រាប និងភាគកណ្តាល នៃប្រទេសវៀតណាម។

អាជ្ញាធរវៀតណាម បានបញ្ជាក់ថា ជនរងគ្រោះទាំងនោះ ភាគច្រើន នៅតាមខេត្តភាគកណ្តាល រួមមាន ខេត្ត Quang Tri, ខេត្ត Thua Thien-Hue និងខេត្ត Quang Nam។ រីឯគ្រោះធម្មជាតិធំៗទាំងនោះ រួមមាន គ្រោះរអិលបាក់ដី កាលពីថ្ងៃទី១៣ ខែតុលា បានសម្លាប់មន្ត្រី និងកងទ័ព សរុបចំនួន១៣នាក់ នៅក្នុងរោងចក្រវារីអគ្គិសនីមួយកន្លែង ស្ថិតក្នុងខេត្ត Thua Thien Hu ខណៈក្រុមសង្គ្រោះ​កំពុងបន្ដរុករក​កម្មករបាត់ខ្លួន។ ស្របគ្នានោះដែរ គ្រោះរអិលបាក់ដីមួយកន្លែងទៀត បានកើតឡើង កាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលាបានសម្លាប់ទាហាន​យ៉ាងហោច២២នាក់ នៅក្នុងខេត្ត Quang Tri ។

អាជ្ញាធរវៀតណាម បានបន្ដថា នៅក្នុងហេតុការណ៍គ្រោះទឹកជំនន់នោះ អាជ្ញាធរបានជម្លៀសប្រជាជនជាង ៥២១០០គ្រួសារ នៅតាមតំបន់នានា រួមមានខេត្ត Nghe An, ខេត្តHa Tinh, ខេត្ត Quang Binh និង ខេត្ត Quang Tri ។ រីឯផ្ទះជាង ១៧៧ ៩០០ខ្នង នៅក្នុងខេត្តទាំងនេះ ត្រូវបានទឹកជន់លិច។ ចំណែកផ្ទៃដីដំណាំប្រមាណ ជាង ២៣៣ ៨០០ហិកតា ត្រូវបានទឹកជំនន់បំផ្លិចបំផ្លាញ ហើយសត្វពាហនៈជាង ៦៩១ ១០០ក្បាលបានងាប់។ ស្របគ្នានេះ សាលារៀនជាច្រើនកន្លែង ត្រូវបិទទ្វារ។ ដោយឡែកផលប៉ពាល់ នៃសេដ្ឋកិច្ចទៅលើប្រទេសវៀត​ណាម ដោយសារគ្រោះទឹកជំនន់នេះ អាចនឹងបំផ្លាញអស់យ៉ាងតិចជាង​២០០លានដុល្លារអាមេរិក៕