ភ្នំពេញ៖ យោងតាមពាក្យបណ្ដឹងពីនារីរងគ្រោះ ចោទប្រកាន់ថា ប៉ុនប៉ងចាប់រំលោភ តែមិនបានសម្រេច ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចហាងកាហ្វេមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

សង្ស័យឈ្មោះ ឈុន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅឃុំអរិយក្សត្រ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ចំណែកឯនារីរងគ្រោះ អាយុ១៨ឆ្នាំ ស្នាក់នៅកើតហេតុខាងលើ។

តាមពាក្យបណ្ដឹងរបស់នារីរងគ្រោះ បានឱ្យដឹងថា នៅវេលាយប់ថ្ងៃកើតហេតុ នាង និងមិត្តស្រី២នាក់ រួមទាំងជនសង្ស័យម្នាក់ដែរ បានដេកនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុមទី៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។ រហូតដល់ម៉ោង៥ទៀបភ្លឺថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យឃើញមិត្តភក្តិនាង ដេកលង់លក់អស់ រូបគេបានរំកិលទៅដេកក្បែរនាង នៅកៀនជញ្ជាំង ហើយយកដៃរបស់គេស្ទាបអង្អែលលើដងខ្លួនរបស់នាង រួចទាញស្រាតខោឈុតដេករបស់នាង ដល់ត្រឹមជង្គង់ ប៉ុនប៉ងធ្វើសកម្មភាពរំលោភ តែត្រូវនាងដឹងខ្លួនទាន់ បានលើកខោងើបចេញពីក្បែរជញ្ជាំង មកដេកកណ្តាលមិត្តភ័ក្តិគេវិញ។

មួយសន្ទុះក្រោយមកទៀត ជនសង្ស័យបានរំកិលខ្លួនទៅដេកក្បែរនាងម្ដងទៀត ហើយយកដៃរបស់គេ អង្អែលថ្នមៗទៅលើដងខ្លួនរបស់នាង ព្រមទាំងទាញខោឈុតស្រាតដល់ត្រឹមជង្គុងដូចមុន ប៉ុនប៉ងធ្វើសកម្មភាពរំលោភលើកទី២ តែត្រូវនាងដឹងខ្លួនទាន់ បង្កឲ្យមានការភ្ញាក់ផ្អើល។ ភ្លាមៗនោះជនសង្ស័យ បានបើកទ្វារជិះម៉ូតូរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ នារីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ឲ្យឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី៕