រដ្ឋាភិបាលប្រទេសប៉ាគីស្ថានបានអនុញ្ញាតឱ្យក្រុមហ៊ុន ByteDance បើកដំណើរការកម្មវិធី TikTok ឡើងវិញបន្ទាប់ពីកម្មវិធីត្រូវបានបិទកាលពីដើមខែនេះ។ បើតាមការផ្សព្វផ្សាយរបស់ អង្គភាពទូរគមនាគមន៍ប៉ាគីស្ថាន (PTA) នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Twitter បានឱ្យដឹងថា ការអនុញ្ញាតឱ្យបើកជាបណ្ដោះអាសន្ននេះគឺក្រោយពីក្រុមហ៊ុន ByteDance បានសន្យាថាពួកគេនឹងមានវិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងព័ត៌មាន ឬសាច់រឿងអសីលធម៌ដែលទាក់ទងនឹងប្រពៃណី ពូជសាសន៍ និងសុវត្ថិភាពសង្គមរបស់ប្រទេសប៉ាគីស្ថាន។

គួររំឭកផងដែរថាកម្មវិធី TikTok ត្រូវបានបិទដោយសារតែក្រុមហ៊ុនមានភាពព្រងើយកន្តើយក្នុងការអនុវត្តនៃការស្នើសុំរបស់រដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីធ្វើការកែសម្រួលក្នុងការគ្រប់គ្រង ព័ត៌មានដែលបានផ្សព្វផ្សាយនៅក្នុងកម្មវិធី TikTok។ ជាឧទាហរណ៍នៅក្នុងរយៈពេលប្រមាណ ៦ខែដើមឆ្នាំនេះ រដ្ឋាភិបាលបានស្នើសុំឱ្យក្រុមហ៊ុនបិទគណនីចំនួន ៤០ ប៉ុន្តែក្រុមហ៊ុនអាចបិទបានតែពីរប៉ុណ្ណោះ។

សូមបញ្ជាក់ថា ទោះបីជាកម្មវិធី TikTok ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញក្ដី ក្រុមហ៊ុនត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងមាតិកាដើម្បីចៀសវាងពីការបិទជាលើកទីពីរនោះ៕