រាជធានីបាងកក៖ បុរសម្នាក់កំពុងតែបើករថយន្ដយ៉ាងលឿន ស្រាប់​តែដំរី​មួយ​ហ្វូង មានចំនួន២០ក្បាល រត់ឆ្លងផ្លូវ ធ្វើឲ្យអ្នកបើកបរ​ជាន់ហ្វ្រាំង​មិន​ទាន់ ជ្រុលទៅបុកដំរីនោះ បណ្ដាលឲ្យរថយន្ដខ្ទេចមុខ និងដំរីរងរបួស ហើយ​​រត់ចូលព្រៃបាត់ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅក្នុងស្រុក Ban Bueng , ខេត្ត Chonburi ប្រទេសថៃ។

បើតាមបណ្ដាញផ្សព្វផ្សាយថៃ (Thai Residents) បានផ្សាយ នៅថ្ងៃ​ទី២០ ខែតុលា ថា អ្នកបររថយន្ដ នៅក្នុងហេតុការណ៍នោះ ឈ្មោះ Duangknam ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅក្នុងខេត្ដឈុនប៊ូរី។ គាត់បានបើករថយន្ដបុកហ្វូងដំរី ដែលរត់ឆ្លងផ្លូវ បណ្ដាលឲ្យរថយន្ដ​របស់គាត់ ខូចខាតផ្នែកខាងមុខ។ ដោយឡែក ដំរីបានរងរបួស ហើយ​ពួកវាបានរត់ចូលព្រៃបាត់អស់ទៅ។ រីឯអ្នករួមដំណើរម្នាក់បានរងរបួស ប៉ុន្ដែអ្នកបើកបរ មិនបានរងរបួសនោះឡើយ។

បើតាមសម្ដីរបស់អ្នកបើកបររថយន្ដ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្ដតាមធម្មតា។ លុះពេលគាត់បើក​រថយន្ដ​មកដល់​ចំណុច​កើតហេតុ ស្រាប់តែដំរីមួយហ្វូង មានចំនួន២០ក្បាល បានរត់​កាត់​ពីមុខ ក៏ជ្រុលទៅបុក បណ្ដាលឲ្យដំរីរងរបួស ហើយវាបានរត់​ចូលទៅក្នុង​ព្រៃបាត់អស់។ ដោយឡែក រថយន្ដបានរងការខូចខាតផ្នែកខាងមុខ ហើយអ្នករួមដំណើរម្នាក់បានរងរបួស និងត្រូវបញ្ជូនទៅព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ មេភូមិ Bo Thong និងអាជ្ញាធរពាក់ព័ន្ធ បានចុះ​មក​ពិនិត្យ និងសាកសួរអ្នកបើករថយន្ដខាងលើ ហើយអាជ្ញាធរ​បានណែនាំ​ឲ្យមានការប្រុងប្រយ័ត្ន ពេលបើករថយន្ដ ចូលទៅក្នុងតំបន់ព្រៃ ព្រោះមាន​ដំរីច្រើនណាស់។ រីឯអាជ្ញាធរពាក់ព័ន្ធ បានបញ្ជូនមន្រ្ដីរបស់ខ្លួន ទៅជួយ​គ្រប់គ្រងហ្វូងដំរីព្រៃទាំងនោះផងដែរ៕