ភ្នំពេញ ៖ ក្រោយពីគណនីហ្វេសប៊ុក ឈ្មោះSopheak Chan បានបង្ហោះសារមួយថា៖ ម៉ែអើយ! គុយទាវមួយចាន ៣ម៉ឺនមក ម្ចាស់ហាងគុយទាវ នៅផ្សារព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលគណនីហ្វេសប៊ុកឈ្មោះថា Nhim NaNa បានបង្ហោះសារបកស្រាយកាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះថា៖ «កុំស្តាប់តែម្ខាងបង! គុយទាវមួយចាន ៣ម៉ឺន គឺគាត់កម្មង់គុយទាវសរសៃកែងឌុប ដល់ទៅ២ដង, ចានឌុបមួយដង ខ្ញុំលក់ពីរម៉ឺនទៅហើយ ។ រូបគុយទាវហ្នឹង មិនមែនហាងខ្ញុំទេ ហើយបាយម្ហូប គាត់កម្មង់ ចំនួន៤មុខគឺ ស្មោះនឹង៨ចានធំៗ, ១ចាន៣ម៉ឺន បាយ៤ឆ្នាំធំៗ ចំនួន៤ឆ្នាំង គឺ៤ម៉ឺន ហើយគាត់កម្មង់ឲ្យដាក់ជាពិសេសសម្រាប់មេៗ ហើយនៅមានទឹកសុទ្ធ១០ដបទៀត ។ ពីខ្ញុំម្ចាស់ហាងចេញបកស្រាយ» ។

កាលពីព្រឹកថ្ងៃទី១៩ តុលា ២០២០ គណនីហ្វេសប៊ុក ឈ្មោះSopheak Chan ដែលគេស្គាល់ថា ជាកងទ័ពជើងទឹកដែលប្រចាំការជួយសង្គ្រោះនៅផ្សារព្រែកជ្រៃ បានបង្ហោះសារថា៖ «ម៉ែអើយ! គុយទាវមួយចាន ៣ម៉ឺន អាហារពេលថ្ងៃ ញ៉ាំដប់នាក់ ៖ ស្ងោរម្រះ ស្ងោរជីឆាយ ចៀនជូរអែមត្រី ប្រហុកខ្ទិះ អស់ ២៩ម៉ឺន ព្រះ! គេជួយគាត់ គាត់ជួយគេវិញដែរ តែជួយមួយទំហឹងម៉ង ? ទាហាន គេទៅជួយប្រជាពលរដ្ឋកំពុងជួបគ្រោះជំនន់ទឹកភ្លៀង មិនបានដេក ទាំងកម្លាំងកាយចិត្ត ។ គាត់វិញ មិនបានជួយអី តែលក់តម្លៃដែលមិនគួរយកបានទៀត មិនមែនសុំអោយចែកទេ សុំត្រឹមលក់តែតម្លៃធម្មតាទៅ កុំលក់ឡើងពេក បើគេដឹងថាថ្លៃ ក៏គេមិនចូលដែរ» ៕