ភ្នំពេញ៖ បុរសម្នាក់កំពុងដើរតាមផ្លូវ ត្រូវជនមិនស្គាល់មុខពីរនាក់ ជិះម៉ូតូឌុបគ្នាប្រដាប់ដោយដុំឥដ្ឋប្រហោង បានធ្វើសកម្មភាពវាយនិងគប់ បណ្ដាលឱ្យបែកក្បាលហូរឈាមពេញមុខ ដេកដួលក្នុងថ្លុកឈាម ដោយសង្ស័យជារឿងគំនុំ ហើយជិះរត់គេចខ្លួនបាត់ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ នៅតាមផ្លូវបេតុង នៅជិតផ្សារចាក់អង្រែ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បន្ទាប់ពីកើតហេតុ គេឃើញមានអាជ្ញាធរនិងសមត្ថកិច្ចសង្កាត់ចាក់អង្រែក្រោម រួមទាំងសមត្ថកិច្ចខណ្ឌមានជ័យ ដែលនៅក្បែរនោះ បានចុះទៅជួយហៅកង់បីឥណ្ឌាមកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានអោយដឹងថា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកបានប្រាប់អោយលោកប្រធានភូមិ ដែលនៅជិតនោះ ប្រញាប់ប្រញាល់ហៅកង់បីឥណ្ឌា ដឹកជនរងគ្រោះទៅមន្ទីរពេទ្យជ័យជំនះ ដើម្បីព្យាបាលរបួសផងដែរ (ដោយមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ) ហើយចាំមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលតាមក្រោយទៀត ។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានថ្លែងប្រាប់ថា ករណីនេះលោកបានបញ្ជាអោយកម្លាំងចុះធ្វើការស្រាវជ្រាវ​ ដើម្បីស្វែងរកចាប់ជនល្មើសហើយ ៕