ខេត្តត្បូងឃ្មុំ ៖ ឪពុកធំអប្រិយម្នាក់ចាប់កុមារីអាយុ៩ឆ្នាំម្នាក់ជាក្មួយរស់នៅជាមួយ វាយធ្វើបាប និងរំលោភបានសម្រេច៣ដង បែកការណ៍ ត្រូវសមត្ថកិច្ចចុះទៅចាប់វាយខ្នោះ កាលពីវេលាម៉ោង០៨ព្រឹក ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២០ ស្ថិតក្នុងភូមិសន្ទៃទី១ ឃុំកក់ ស្រុកពញាក្រែក។

ឪពុកធំអប្រិយឈ្មោះ ស្ងួន សុគុណ ភេទប្រុស អាយុ៤៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃុំខាងលើ។ក្មេងស្រីរងគ្រោះឈ្មោះ វ.ថ ភេទស្រី អាយុ០៩ឆ្នាំ ជាតិខ្មែរ ដែលមកស្នាក់នៅជាមួយ។

មន្ត្រីប៉ុស្តិ៍កក់ បានឱ្យដឹងថា មុនពេលឃាត់ខ្លួន ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ កុមារីរងគ្រោះបានមកប្រាប់លោកមេភូមិសន្ទៃទី១ ថា ឪពុកធំឈ្មោះ ស្ងួន សុគុណ វាយធ្វើបាប និងចាប់រំលោភសេពសន្ថវៈនាងចំនួន០៣ដងហើយ ។ ពេលនោះលោកមេភូមិសន្ទៃទី១ និងក្រុមប្រឹក្សាឃុំកក់ បានរាយការណ៍មកមេប៉ុស្តិ៍កក់ ថា មានករណីឪពុកធំអប្រិយម្នាក់រំលោភសេពសន្ថវៈក្មួយស្រីខ្លួនឯងទើបមានអាយុ៩ឆ្នាំ កម្លាំងប៉ុស្តិ៍កក់ បានសហការជាមួយកម្លាំងជំនាញនគរបាលស្រុកពញាក្រែក និងការិយាល័យកិច្ចការនារីស្រុកពញាក្រែក ទៅយកកុមារីរងគ្រោះមកធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ។ លទ្ធផលពិនិត្យឃើញថា កុមារីរងគ្រោះពិតជាមានស្នាមរបួស និងត្រូវបានរងការបំពានផ្លូវភេទប្រាកដមែន ។

តាមការបំភ្លឺរបស់កុមារីរងគ្រោះ បានឲ្យដឹងថា នាងត្រូវបានឪពុកធំឈ្មោះ ស្ងួន សុគុណ បានវាយធ្វើបាប និងចាប់រំលោភសេពសន្ថវៈចំនួន០៣ដងរួចមកហើយ គឺលើកទី១ ក្នុងបន្ទប់ទឹក, លើកទី២នៅលើផ្ទះ និងលើកទី៣ នៅលើផ្ទះ។

លុះដល់វេលាម៉ោង០៨ព្រឹក ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២០ សមត្ថកិច្ចក៏បានចុះទៅនាំខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីចាត់ការតាមនីតិវិធី ៕