ខេត្តកណ្ដាល៖ សមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ ចុះទៅនាំខ្លួនជនសង្ស័យម្នាក់ពីបទចាប់រំលោភក្មេងស្រីអយុ១០ឆ្នាំ ក្នុងបន្ទប់ទឹក នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ។

ជនសង្ស័យឈ្មោះហាន រ៉េត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិសង្កាត់ខាងលើ។ ជនរងគ្រោះ ភេទស្រីអាយុ ១០ ឆ្នាំជនជាតិខ្មែរ ជាសិស្ស ទីលំនៅភូមិសង្កាត់ជាមួយគ្នា។ ម្តាយឈ្មោះ ធុងនីម អាយុ៣៥ ឆ្នាំ មុខរបរលក់បន្លែ និងឪពុកឈ្មោះថន វុធ អាយុ៣៨ឆ្នាំ មុខរបរនេសាទត្រី ។

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងមួយរសៀល ជនរងគ្រោះ និងបងប្រុសបង្កើត ជាមួយអ្នកជិតខាងម្នាក់ ឈ្មោះតាដូង អាយុ៥៥ឆ្នាំ បាននាំគ្នាទៅស្ទូចត្រី នៅឯបឹងខាងត្បូងផ្ទះ។ ពេលទៅដល់បឹងជនរងគ្រោះបានបត់ជើងតូច ស្រាប់តែមានធ្លាក់ឈាមជាច្រើន ។ ឃើញដូច្នេះតាដូង ក៏បានដឹកជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ហើយប្រាប់ម្តាយជនរងគ្រោះឱ្យបានដឹង និងឱ្យនាំកូនទៅមន្ទីរពេទ្យ។

ពេលទៅដល់មន្ទីរពេទ្យជយ័ជំនះ ក្រោយពីពិនិត្យរួចហើយ គ្រូពេទ្យប្រាប់ថា ក្មេងស្រីរងគ្រោះត្រូវបានគេចាប់រំលោភ ។ ម្ដាយក៏ជជីកសួរ ក្មេងស្រីរងគ្រោះឆ្លើយថា ពូរ៉េត ចាប់រំលោភនាងក្នុងបន្ទប់ទឹក ។ តែពេលនោះម្តាយក្មេងស្រីរងគ្រោះមិនទាន់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ភ្លាមនោះទេ គឺរហូតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៩ព្រឹក ដោយសារជនរងគ្រោះមានសភាពស្លេកស្លាំងខ្លាំងពេក ហើយធ្លាក់ឈាមមិនព្រមឈប់ ទើបម្តាយជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ ហើយសមត្ថកិច្ចបានចុះទៅនាំខ្លួនជនសង្ស័យយកមកសាកសួរតែម្តង ។ ជនសង្ស័យសារភាពថា ខ្លួនពិតជាបានចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះក្នុងបន្ទប់ទឹកផ្ទះជួល រហូតបានសម្រេចចំនួន២ម្តង ៕