ខេត្តកណ្ដាល ៖ នារីជាប្រពន្ធមន្តី្រនគរបាលម្នាក់ ខណៈដែលជិះម៉ូតូចេញពីធ្វើការត្រឡប់មកផ្ទះវិញ ខ្វះការប្រុងប្រយ័ត្ន បានធ្លាក់ចូលជង្ហុកដួលបោក្បាល បណ្តាលឲ្យស្លាប់ចោលប្តី និងកូនតូចយ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៨និង១០នាទី លុះនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីក្រោមឱវាទ នៃស្នងការដ្ឋាននរគបាលខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធនារីរងគ្រោះ។

នារីរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិតនេះ មានឈ្មោះ ជា រដ្ឋា កើតនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៨៧ ស្រុកកំណើតភូមិ០៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រែវែង មុខរបរ បុគ្គលិកក្រុមហ៊ុនត្រូវជាភរិយាលោក ឌិន រដ្ឋាវី មន្រ្តីនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

សូមបញ្ជាក់ថា នៅថ្ងៃកើតហេតុ នារីរងគ្រោះ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបពី (Honda Scoopy-i) ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1HE-6476 ចេញពីធ្វើការត្រឡប់មកផ្ទះជួលនៅចំណុចភូមិត្នោតជ្រុំ១វិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៥៣បេតេ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ដោយទឹកភ្លៀងជន់លិចមើលផ្លូវមិនឃើញ ក៏បើកម៉ូតូធ្លាក់ចង្អូរដែលគេកាត់ផ្លូវពុំទាន់បានដាក់លូ បណ្ដាលឲ្យដួលបោកសន្លប់បាត់បង់ស្មារតីផ្កាប់មុខចូលទឹក។

ពេលនោះ ក៏មានការភ្ញាក់ផ្អើលឆោឡោដល់ប្រជាពលរដ្ឋរស់នៅទីនោះ បាននាំគ្នាជួយលើកនារី និងធ្វើចលនាបេះដូងភ្លាមៗ តែនៅតែមិនដឹងខ្លួន ទើបប្រជាពលរដ្ឋបានសម្រេចដឹកបញ្ជូននារីរងគ្រោះទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីជួយសង្គ្រោះ តែអកុសល ពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យពិនិត្យរួច បញ្ជាក់ថា នារីរងគ្រោះស្លាប់បាត់ទៅហើយ ទើបទាក់ទងទៅក្រុមគ្រួសារមកដឹកសពនារីរងគ្រោះទៅលំនៅឋាន ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកសង្វេគជាពន់ពេក៕