ក្រសួងដឹកជញ្ជូនរបស់ប្រទេសអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាប្រទេសអ៊ីស្រាអែល និងអារ៉ាប់រួម បានព្រមព្រៀងប្រតិបត្តិការជើងហោះហើរពាណិជ្ជកម្ម ចំនួន ២៨ ជើង ក្នុងមួយសប្តាហ៍ រវាងទីក្រុង Tel Aviv និងទីក្រុង Abu Dhabi ឬទីក្រុងឌូបៃ ។

កិច្ចព្រមព្រៀងនេះក៏អនុញ្ញាតឱ្យមានជើងហោះហើរជាធម្មនុញ្ញមួយចំនួនដែលគ្មានដែនកំណត់ទៅកាន់អាកាសយានដ្ឋាន Ramon នៅខាងក្រៅទីក្រុង រមនីយដ្ឋានក្រុង Eilat ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល។ លើសពីនេះទៀតជើងហោះហើរដឹកទំនិញ ប្រហែល ១០ជើង អាចត្រូវបានដំណើរការក្នុងមួយសប្តាហ៍ក្រោមកិច្ចព្រមព្រៀង។

យោងតាមក្រសួងបានឱ្យដឹងថា ជើងហោះហើរនៅក្នុងផ្លូវថ្មីនេះត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅក្នុងរយៈពេលពីរឬបីសប្តាហ៍ទៀត។ កិច្ចព្រមព្រៀងនេះធ្វើឡើង បន្ទាប់ពីកិច្ច ព្រមព្រៀងប្រក្រតីភាពសម្របសម្រួលដោយសហរដ្ឋអាមេរិក រវាងប្រទេសអារ៉ាប់រួម និងប្រទេសអ៊ីស្រាអែល ត្រូវបានចុះហត្ថលេខានៅសេតវិមានកាលពីថ្ងៃទី ១៥ ខែកញ្ញា។