រាជធានីបាងកក៖ រហូតមកដល់ពេលនេះ ស្ថានការណ៍នយោបាយ នៅក្នុងប្រទេសថៃ កាន់តែ ឡើង កម្ដៅ ហើយនាយករដ្ឋមន្រ្ដីថៃ នៅតែព្យាយាមសម្របសម្រួលជាមួយនឹងក្រុមបាតុករ ខណៈពួកគេ នៅតែទាមទារឲ្យលោកចុះចេញពីតំណែង និងកំណែទម្រង់របបរាជានិយម។

លោក ប្រាយុត ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីថៃ កំពុងតែព្យាយាម និយាយ ទន់ភ្លន់ ដើម្បីបន្ទន់ចិត្តក្រុមបាតុករ ដែលអំពាវនាវឱ្យលោកចុះចេញពីតំណែង ខណៈបាតុកម្មប្រឆាំង​នឹងរដ្ឋាភិបាលរបស់លោក កំពុងតែរាលដាលពេញប្រទេស។ វិធីសាស្រ្តថ្មី មានលក្ខណៈផ្សះ​ផ្សា​ច្រើន​ជាងនេះ ផ្ទុយពីការប្រកាសថ្មីរបស់លោកថា លោកគ្មានចេតនាលាឈប់ពីតំណែង។ ប៉ុន្ដែកាលពី​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០២០ លោកបានចេញបទបញ្ជាមួយ ដាក់ប្រទេស ក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល់កូវីដ-១៩ ដែលជាលេស សម្រាប់ជំរុញឲ្យសមត្ថកិច្ចបង្រ្កាបទៅលើក្រុមបាតុករ។

បើតាសារព័ត៌មាន Bangkok Post បានដកស្រង់សម្តីរបស់អ្នកនាំពាក្យរដ្ឋាភិបាល គឺលោក Anucha Burapachaisri បានមានប្រសាសន៍ថា រដ្ឋបាលរបស់លោកនាយករដ្ឋមន្រ្ដី មានឆន្ទៈ​ស្តាប់នូវបញ្ហាដែលកំពុងកើតឡើង ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយ។ រដ្ឋាភិបាល​មានឆន្ទៈស្តាប់រាល់បញ្ហារបស់មនុស្សគ្រប់គ្នា ហើយបន្តដោះស្រាយបញ្ហាគ្រប់ផ្នែកទាំងអស់។

ក្នុងពេលរយៈពេលជាច្រើនខែមកនេះ សកម្មភាពនយោបាយរបស់យុវជនថៃ កំពុងតែកើតឡើង ហើយ​វាមានលក្ខណៈផ្ទុយស្រឡះពីការតវ៉ា នាពេលអតីតកាល។ រីឯក្រុមអ្នកចូលរួម មិនមែន​ជាក្រុម​អាវក្រហម ឬអាវលឿងឡើយ ដោយពួកគេមិនបានផ្សារភ្ជាប់នឹងភាគីនយោបាយអតីតកាល ហើយ​ពួកគេជាមនុស្សថ្មី និងទាមរទារឲ្យមានការការទម្រង់ប្រព័ន្ធនយោបាយ និងអំណាចរបស់ប្រមុខរដ្​ឋរបស់ប្រទេសថៃ។

ដោយឡែក គោលបំណងដ៏សំខាន់របស់ក្រុមបាតុករ រួមមាន ទាមទារឲ្យលោក ប្រាយុត ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីថៃ ចុះចេញពីតំណែង, រំលាយសភា និងការបង្កើត​រដ្ឋ​ធម្មនុញ្ញ​ថ្មី ជំនួសរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ ដែលបង្កើតឡើង ក្រោយរដ្ឋប្រហារយោធា ហើយ​ដក​សិទ្ធិអំណាចពីព្រះមហាក្សត្រ ដែលត្រូវបានរដ្ឋាភិបាលបច្ចុប្បន្នគាំទ្រ។

ការបង្ហាញ១០ ចំណុចរបស់អ្នកតវ៉ា បានគូសបញ្ជាក់ពីការទាមទាររបស់ពួកគេ ប្រឆាំងនឹងរដ្ឋាភិបាល​បច្ចុប្បន្ន ហើយទាមទារឲ្យប្រជាធិបតេយ្យពិតប្រាកដមួយ។ លោក ប្រាយុទ្ធ ចាន់អូចា បានបន្ដកាន់​តំណែងជានាយករដ្ឋមន្រ្ដីថៃ ក្រោយការធ្វើរដ្ឋប្រហារយោធា នៅក្នុងឆ្នាំ២០១៤។ មេដឹកនាំរដ្ឋប្រហារ គឺលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចានអូចា នាពេលនេះក្លាយជានាយករដ្ឋមន្ត្រី ដែលត្រូវបាន​បោះឆ្នោត​ជ្រើសរើស ដោយសំឡេងភាគច្រើន នៃសមាជិកសភា ក្រោមការតាក់តែងឡើង ដោយក្រុមមេដឹកនាំ​រដ្ឋ​ប្រហារ​យោធាថៃ។

ទោះជាយ៉ាងណា រដ្ឋាភិបាលថៃ បច្ចុប្បន្ននៅមិនមានជម្រើសណាមួយ និងធ្វើតាមការទាមទារ​របស់​ក្រុមអ្នកតវ៉ានៅឡើយ។ រីឯវរដ្ឋាភិបាលក៏នឹងមិនប្រគល់អំណាចទៅឲ្យបក្សប្រឆាំងដទៃទៀតដែរ ថ្វីបើ​កាលពីខែកន្លងមុន មានការទាមទារឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្ដី។ ចំណែកការវិវឌ្ឍ​ស្ថានការណ៍​នយោបាយយ៉ាងណានោះ ក៏គេមិនទាន់អាចទស្សន៍ទាយបានជាមុនដែរ ព្រោះកាលពីថ្មីៗនេះ លោកនាយករដ្ឋមន្រ្ដីបានបដិសេធ លាលែងពីតំណែង។ ប៉ុន្ដែក្រុមបាតុករ នៅបន្ដទាមទារឲ្យលោក​ចុះចេញពីតំណែង និងធ្វើកំណែទម្រង់របបរាជានិយម នៅក្នុងប្រទេសថៃ។

ស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃ បានបង្ហាញនូវភាពសាហាវឃោរឃៅ ក្នុងរយៈពេល៥​ទសវត្សរ៍​កន្លងមកនេះ ដោយមានរដ្ឋប្រហាររាប់មិនអស់ ហើយក្នុងរយៈពេលអស្ថិរភាពនយោបាយ ការបង្ក្រាបដោយហិង្សាទៅលើក្រុមប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ រឹតតែធ្វើឲ្យស្ថានភាព​អាចបន្តទៅ​មុខបាន ដោយមិនអាចគ្រប់គ្រង និងមានតុល្យភាពក្នុងប្រព័ន្ធសភានាសម័យទំនើបបានឡើយ៕