រដ្ឋធានីប៉ារីស៖ ក្រោយពេលកើតមានករណីចាប់គ្រូ បង្រៀន អារ.ក សម្លាប់យ៉ាងសាហាវឃោរឃៅ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០​នោះ​មក រហូតមកដល់ពេលនេះ ប៉ូលិសបារាំងបានបន្ដចាប់ខ្លួនជនសង័្សយ រហូតដល់៩នាក់ហើយ។

បើតាមប៉ូលិសក្នុងតំបន់ បានឲ្យដឹងថា អំពើឃោរឃៅ ចាប់គ្រូ​បង្រៀន​ប្រវត្ដិ​សាស្រ្ដម្នាក់អារកសម្លាប់នោះ បានកើតឡើង កាលពីថ្ងៃសៅរ៍ ទី១៧ ខែ​តុលា នៅជាយក្រុង នាភាគពាយព្យ នៃទីក្រុងប៉ារីស ប្រទេសបារាំង។ ប៉ូលិសបានចោទប្រកាន់ជនសង័្សយ ពីបទ «ភេរវកម្មដោយចេតនា»។ ប៉ុន្ដែរហូតមកដល់ថ្ងៃទី១៨ ខែតុលា ប៉ូលិសបានបន្ដចាប់ខ្លួនជនសង័្សយ កើនឡើងរហូតដល់៩នាក់ ហើយនាំពួកគេទៅឃុំឃាំង ដោយមានទាំង​អនីតិជនផងដែរ។

បើតាមបណ្ដាញផ្សព្វផ្សាយរបស់បារាំង បានផ្សាយថា ជនសង័្សយទាំងនេះ ជាសមាជិកគ្រួសាររបស់ជនដៃដល់ ដែលត្រូវប៉ូលិសបាញ់សម្លាប់ បន្ទាប់​ពី​ជននេះចាប់គ្រូបង្រៀនអារក ដែលបង្ហាញរូប Muhammad នៅក្នុង​ថ្នាក់​រៀន។

បើតាមទីភ្នាក់ងារសារព័ត៌មាន AP បានឲ្យដឹងថា លោកប្រធានាធិបតី​បារាំង Emmanuel Macron បានបរិយាយអំពីឧបទ្ទវហេតុនេះថា នេះ​ជា​ការវាយប្រហារដោយ «ភេរវករអ៊ិស្លាមនិយមជ្រុល» ហើយលោកបាន​ជំរុញ​​ឲ្យប្រជាពលរដ្ឋបារាំងទាំងអស់ ក្រោកឈរឡើង ប្រឆាំង​នឹងលទ្ធិ​ជ្រុល​និយមរបស់ពួកនេះ។

លោកប្រធានាធិបតី បានបញ្ជាក់ថា ជនរួមជាតិរបស់យើងម្នាក់ ត្រូវបាន​គេសម្លាប់ នៅថ្ងៃនេះ ដោយសារគាត់បង្រៀន អំពីសេរីភាព នៃការ​បញ្ចេញ​មតិ សេរីភាពសម្រាប់ជំនឿ មិនមែនដើម្បីជឿនោះទេ។ លោកបាន​ថ្លែង​បែប​នេះ ខណៈលោកធ្វើដំណើរទៅកាន់សាលារៀនមួយ ជាទីដែល​គ្រូបង្រៀន​ម្នាក់ ត្រូវគេចាប់អារកសម្លាប់នោះ។ ជាមួយគ្នានេះ លោក​ប្រធានាធិបតី បានជំរុញឲ្យពលរដ្ឋ រួបរួមគ្នាប្រឆាំង​នឹងអំពើជ្រុល​និយមនេះ។

ក្រោយពេលកើតមានការវាយប្រហារបែបនេះ រដ្ឋអាជ្ញាប្រឆាំង​អំពើ​ភេរវកម្ម​បារាំង បានបើកការស៊ើបអង្កេតទៅលើករណីនេះឃាតកម្មដ៏សាហាវនេះ។ ជនវាយប្រហារ ត្រូវបានប៉ូលិសបាញ់សម្លាប់។ ប៉ុន្ដែបើតាម​បណ្ដាញផ្សព្វ​ផ្សាយបារាំង បានឲ្យដឹងថា ជនវាយប្រហារ មានអាយុ១៨ឆ្នាំ ជាជនជាតិ​រុស្ស៊ី មកពីទីក្រុងមូស្គូ ឬ Chechnya ដែលជាអ្នកកាន់អ៊ិស្លាម៕