នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០លោក ទុំ ហេង តំណាងឲ្យលោកឧកញ៉ា លី យ៉ុងផាត់ បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៦៤គ្រួសារ រស់នៅភូមិជ្រាវក្នុង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្នុងនោះមានគ្រួសាររងប៉ះពាល់ខ្លាំងមានចំនួន២០គ្រួសារ រងប៉ះមធ្យមមាន២២គ្រួសារ និងប៉ះពាល់ធម្មតា២២គ្រួសារ។

លោក លីវ លាងគារ អភិបាលនៃគណអភិបាលស្រុកថ្ពង បានមានប្រសាសន៏ថា ការផ្ដល់អំណោយនេះសម្រាលការលំបាកដោយផ្ទាល់ សូមផ្តាំផ្ញើសួរសុខទុក្ខ អាណិតអាសូរ និងសូមចូលរួមការសោកស្តាយជាមួយប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារទឹកជំនន់នាពេលនេះ ព្រមទាំងសារអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋ៖

* សូមគិតគូរពីសុវត្ថិភាព និងបង្កើនការប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់ដែលបង្កឡើងដោយទឹកជំនន់ ជាពិសេសកុមារៗដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ។
* សូមគិតគូរថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត និងបរិភោគទឹកដាំឆ្អិន ឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។
* សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការការពារ របស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមធម្មតាបែបគន្លងថ្មី។
* សូមប្រុងប្រយ័ត្ន និងការពារកុំឱ្យកើតមានជំងឺគ្រុនឈាម គ្រុនចាញ់ និងគ្រុនឈីកជាដើម។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងទឹកស៊ីអ៊ីវ៦ដប ប្រេងឆា១ដប។