រាជធានីភ្នំពេញ៖ បុរសម្នាក់បានដេកផ្កាប់មុខ ស្លាប់នៅលើផ្លូវដែក ហើយ ត្រូវប្រជាពលរដ្ឋប្រទះឃើញ បង្ក ឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង​១១ និង១០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅតាមផ្លូវដែក ខាង​ក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ មានចម្ងាយប្រហែល១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីវេលាខាងលើ ប្រជា​ពលរដ្ឋបានធ្វើដំណើរ ឆ្លងកាត់ចំណុចខាងលើ ស្រាប់តែប្រទះ​ឃើញ​បុរស​ម្នាក់​ដេកផ្កាប់មុខ នៅលើផ្លូវដែក ដោយមានកង់១គ្រឿង នៅក្បែរ​នោះ​ផង។ ភ្លាមៗនោះ ពួកគាត់បានរាយការណ៍ជូនទៅសមត្ថកិច្ច។ បន្ទាប់​មក​ស​មត្ថកិច្ចមូលដ្ឋាន និងមន្រ្ដីជំនាញបានចុះមកដល់កន្លែងកើតហេតុ និង​ពិនិត្យ​មើល រកឃើញមានបំណែកជ័របាក់បែក បន្សល់ទុកនៅទីនោះ ចំនួន​៣ទៅ៤បំណែក។ រីឯកង់របស់ជនរងគ្រោះ គឹកង់ខាងក្រោយ វៀចខូច​ខាត​យ៉ាង​ដំណំ ទើបសមត្ថកិច្ចសន្និដ្ឋានជាបឋមថា នេះអាចជាករណី​គ្រោះ​ថ្នាក់ចរាចរណ៍ ត្រូវរថយន្តបង្កបើកបុក ហើយបើកគេចបាត់។

ទោះជាយ៉ាងណា សមត្ថកិច្ចក៏នៅមិនទាន់ស្គាល់អត្ដសញ្ញាណ​របស់​ជន​រង​គ្រោះ នៅឡើយដែរ ហើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវ ស្វែងរក​សាច់​ញាតិ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕