រាជធានីភ្នំពេញ៖ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋរស់នៅខណ្ឌដង្កោ កំពុងរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង តែពលរដ្ឋមួយគ្រួសារ បែរជា​ត្រូវ​រងសម្ពាធកាន់តែធ្ងន់បន្ថែមទៀត ត្រូវភ្លើងឆេះផ្ទះអស់។ ហេតុការណ៍​គ្រោះ​អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៥ និង៤០នាទីព្រឹកព្រលឹម ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅតាមផ្លូវលេខ១០៤ ស្ថិតក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ។

ប្រជាពលរដ្ឋរស់នៅភូមិវាលថ្លាន់ បានឲ្យដឹងថា នៅក្នុងភូមិសាស្រ្ដនេះ ទឹកជំនន់មិនទាន់បានស្រកស្រួលបួលទេ។ ប៉ុន្ដែអ្វីដែលគួរឲ្យ​អាសូរដល់​ប្រជាពលរដ្ឋមួយគ្រួសារខាងលើនេះ កំពុងតែរងទុក្ខនឹងទឹកជំនន់ផង ស្រាប់តែពីព្រឹកម្សិញ ភ្លើងបានឆេះផ្ទះរបស់ពួកគាត់យ៉ាងសន្ធោសន្ធៅឡើង ហើយទ្រព្យសម្បត្ដិនៅក្នុងនោះក៏ត្រូវបានបំផ្លាញអស់។ នេះមិនខុសពីពាក្យ​ចាស់លោកពោលថា «ទុក្ខជាន់លើទុក្ខ» នោះឡើយ។

មន្រ្ដីការិយាល័យបង្ការ និងពន្លត់អគ្គិសនីរាជធានី បានឲ្យដឹងថា ម្ចាស់ផ្ទះ​ជនរងគ្រោះ ឈ្មោះ ព្រឹល ស៊ីដេត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរលក់នំប៉័ង (រុញតាមរទេះ)។ រីឯផ្ទះដែលត្រូវអគ្គីលេប​ត្របាក់​អស់នោះ មានបណ្ដោយ៨ម៉ែត្រ និងទទឹង៦ម៉ែត្រ ធ្វើពីឈើលើ និងថ្ម​ក្រោម។

មន្រ្ដីនគរបាលដដែល បានបញ្ជាក់ថា ក្រៅពីបំផ្លាញអស់ផ្ទះទាំងមូលនោះ គ្រោះអគ្គិភ័យនេះ បានលេបត្របាក់ទ្រព្យសម្បត្ដិជាច្រើនទៀត នៅក្នុងនោះ រួមមាន ម៉ូតូ១គ្រឿង, លុយខ្មែរ១លានរៀល, អាមេរិក ចំនួន ២០០ដុល្លារ។ ដោយឡែក នៅក្នុងអន្ដរាគមន៍នោះ សមត្ថកិច្ចបានប្រើប្រាស់​រថយន្ដមួយ​គ្រឿងរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ដោយប្រើ​អស់​ទឹកចំនួន១ស៊ីទែន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង មិនបង្កឲ្យមានគ្រោះថ្នាក់ ឬឆ្លងរាលដាលដល់ផ្ទះរបស់អ្នកជិតខាង ហើយធ្វើឲ្យភ្លើងរលត់អស់ទៅវិញ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃដដែល។

ទោះជាយ៉ាងណា បើតាមសមត្ថកិច្ច បានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បណ្ដាលមកពីការដុតភ្លើងទៀនទុកចោល។ រីឯទំហំ នៃការខូច​ខាត​ទាំង​ស្រុង ក៏សមត្ថកិច្ចមិនទាន់គណនាដែរ។ ប៉ុន្ដែនៅក្នុងហេតុការណ៍នោះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ៕