ខេត្តពោធិ៍សាត់៖ យុវជនម្នាក់កំពុងផឹកស៊ី លុះពេលអស់សាច់ក្លែម ក៏នឹកឃើញចង់ចាប់ទាយកមកធ្វើគ្រឿងក្លែមផឹកបន្ដ ក៏ចូលទៅចាប់វា នៅក្នុងទ្រុង ស្រាប់តែជួបនឹងគ្រោះអកុសលជាន់ប៉ះតំណខ្សែភ្លើង បណ្ដាលឲ្យឆក់ស្លាប់ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅក្នុងទ្រុងទា (ព្រៃផ័រ) ស្ថិតក្នុងភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ។

លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រងិល បានឲ្យដឹង កាលពីរសៀល ថ្ងៃទី១៧ ខែតុលា ថា ជនរងគ្រោះឈ្មោះ វុទ្ធ ចាន់រ៉ា ភេទប្រុស អាយុ​២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ។ ជនរងគ្រោះបានស្លាប់ ដោយសារអគ្គិសនីឆក់។

លោកនាយប៉ុស្ដិ៍នគរបាល បានបន្ថែមថា មុនពេលជួបនឹងគ្រោះ​អកុសល​នោះ ជនរងគ្រោះ និងមិត្តភក្ដិរបស់គេ បាននាំចាប់សត្វទា១មួយក្បាល យកមកធ្វើគ្រឿងក្លែម។ លុះពេលផឹកស៊ីអស់គ្រឿងក្លែម ពួកគេ​ក៏ចាប់ទា​យកមកធ្វើគ្រឿងក្លែមផឹកបន្ដទៀត ហើយភ្លាមៗនោះ ជនរងគ្រោះ​ក៏បាន​ចូល​ទៅចាប់ទា ស្រាប់តែជួបនឹងគ្រោះអកុសល ត្រូវចរន្ដអគ្គិសនីឆ្លង បណ្ដាលឲ្យឆក់ស្លាប់មួយរំពេច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងមន្រ្ដីជំនាញបាន​ចុះទៅ​ពិនិត្យ និង ធ្វើកោសល្យវិច័យ។ បើតាមលទ្ធផល នៃការពិនិត្យឃើញថា ជនរងពិតជាត្រូវអគ្គិសនីឆក់ពិតប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចបាន​ធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះ ចាត់ចែងធ្វើ​បុណ្យតាមប្រពៃណី៕