ខេត្តកំពង់ឆ្នាំង៖ បុរស​ហែល​កាត់ទឹកស្ទឹង ត្រឡប់មកពីកាប់ឫស្សី ក៏ជួប​នឹង​គ្រោះអកុសល ត្រូវទឹកហូរកួចលិចបាត់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពី​​វេលា​ម៉ោងជិត១រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅក្នុងឃុំជៀប ស្រុក​ទឹកផុស​។

មន្រ្ដីនគរបាលស្រុកទឹកផុស ​បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ទេព បឿន ​អាយុ៤១ឆ្នាំ មាន​លំនៅក្នុងភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ប៉ុន្ដែមុនពេលជួបនឹងគ្រោះអកុសល​ ជនរងគ្រោះបាន​ហែល​ឆ្លងទឹកស្ទឹង ត្រឡប់មកពីកាប់ឫស្សី។ លុះពេលគេហែលទឹក ដល់ពាក់កណ្តាលស្ទឹង ស្រាប់តែ​ទឹកហូរកួចលិចបាត់ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញមកជួយអន្ដរាគមន៍។

ក្រោយពេលកើតហេតុ ពលរដ្ឋបាននាំគ្នារាវរក រហូតដល់វេលាម៉ោងជាង​៧យប់ ក៏នៅតែរកមិនឃើញ​  ហើយ​សមត្ថកិច្ច និងពលរដ្ឋនៅតែព្យាយាម​រាវរក​ដដែល។ ប៉ុន្ដែគេមិនសង្ឃឹមថា ជនរងគ្រោះអាច​នៅមានជីវិតនោះ​ឡើយ ព្រោះចាប់តាំងពីគាត់លិចបាត់ទៅក្នុងទឹកនោះ គឺមានរយៈពេល​យូរពេក៕