រាជធានី Wellington ៖ ក្រោយការទប់ស្កាត់ការរាតត្បាត នៃវីរុសកូរ៉ូណា ហៅកាត់ កូវីដ-១៩ (Coronavirus Disease 2019) បានយ៉ាងល្អ នោះ មក ប្រជាពលរដ្ឋប្រទេសនូវ៉ែលហ្សេឡង់ បានបោះឆ្នោតគាំទ្រ លោកស្រី Jacinda Ardern រហូតទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោត នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ហើយលោកស្រីនឹងដឹកនាំ ប្រទេសនេះ មួយអាណត្ដិបន្ដទៀត។

បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានផ្សាយ នៅថ្ងៃនេះ (ទី១៧ ខែតុលា) ថា ក្រោយការរាប់សន្លឹកឆ្នោតបានប្រមាណជិត៨០ភាគរយ គេមើលឃើញគណបក្សពលកររបស់លោកស្រី Jacinda Ardern នាយករដ្ឋមន្រ្ដីនូវ៉ែលហ្សេឡង់ (New Zealand) ទទួលបានការគាំទ្រ រហូតដល់ទៅ៤៩ភាគរយ។ រីឯគណបក្សជាតិ ទទួលបានការគាំទ្រត្រឹមតែ២៧ភាគរយប៉ុណ្ណោះ។

ប្រភពព័ត៌មានដដែល បានបន្ដថា បើតាមសំឡេងគាំទ្រខាងលើនេះ នឹង ធ្វើឲ្យគណបក្សរបស់លោកស្រី Jacinda Ardern ទទួលបានកៅអីយ៉ាង តិច៦៤កៅអី ក្នុងចំណោម១២០កៅអី នៃរដ្ឋសភា។ ប្រសិនបើគណបក្ស របស់លោកស្រីនាយករដ្ឋមន្រ្ដី ទទួលបានការគាំទ្រជាងពាក់កណ្តាល នៃកៅអីរដ្ឋសភានោះ គណបក្សនេះ នឹងបង្កើតរដ្ឋាភិបាល ដោយខ្លួនឯង​បាន ហើយ​មិនចាំបាច់បង្កើតរដ្ឋាភិបាល​ចម្រុះជាមួយ​នឹងគណបក្សផ្សេង​នោះឡើយ។

នៅក្នុងអាណត្តិទី១ លោកស្រីនាយករដ្ឋមន្រ្ដី មិនបានអនុវត្តគ្រប់ជ្រុង​ជ្រោយ តាមការសន្យារបស់លោកស្រីនោះឡើយ ព្រោះស្ថិត​ក្នុងរដ្ឋាភិបាល​ចម្រុះ។ ប៉ុន្ដែនៅអាណត្ដិទី២នេះ លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern អាចនឹងជំរុញឲ្យមានការកែទម្រង់ ទ្រង់ទ្រាយធំ​តាមអ្វីដែល​លោកស្រីសន្យាជាមួយពលរដ្ឋ នៅមុនពេលបោះឆ្នោត៕