រដ្ឋធានីហាណូយ៖ បើគិតត្រឹម ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ចំនួនអ្នក ស្លាប់ ដោយគ្រោះទឹកជំនន់ នៅក្នុងប្រទេសវៀតណាម បន្ដកើនឡើង ដល់ ៦២នាក់ និងបាត់ខ្លួនចំនួន៥នាក់ ហើយគ្រោះធម្មជាតិនេះ បានបំផ្លាញ ផលដំណាំរាប់សែនហិកតា។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម បានប្រកាស កាលពីព្រឹក ថ្ងៃ ទី១៧ ខែតុលា ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៦២នាក់ ហើយ មនុស្ស៥នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។ គ្រោះធម្មជាតិនេះ ក្រៅពី សម្លាប់ មនុស្សអស់ជាង៦០នាក់ វាក៏បានបំផ្លិចបំផ្លាញដំណាំ ជាច្រើនហិកតា ផងដែរ។

រហូតមកដល់ពេលនេះ ភ្លៀងនៅតែបន្ដធ្លាក់ខ្លាំង បង្កទៅជាគ្រោះ ទឹក ជំនន់ អូសបន្លាយជាច្រើនថ្ងៃមកហើយ។ ជនរងគ្រោះ ភាគច្រើនត្រូវ ទឹកកួច បណ្តាលឲ្យលង់ស្លាប់។ ពួកគេទាំងនេះ រស់នៅតាមបណ្តាខេត្ត នាភាគកណ្តាល រួមមាន ខេត្ត Quang Tri, Thua Thien-Hue និង ខេត្ត Quang Nam ។ ក្រៅពីសម្លាបមនុស្ស គ្រោះធម្មជាតិនេះ ក៏បានបំផ្លាញ ដំណាំប្រមាណជាង ២៣៣ ៨០០ហិកតា ហើយសត្វពាហនៈជាង ៤៦១ ៦០០ក្បាលក៏ត្រូវបានងាប់ ដោយសារគ្រោះមហន្ដរាយនេះផងដែរ។

នាយកដ្ឋានឧតុនិយមជាតិ បានឲ្យដឹងថា ភ្លៀងបន្ដធ្លាក់ខ្លាំង និងកំពុងវាយប្រហារទៅលើតំបន់ខ្ពង់រាប និងតំបន់ភាគកណ្តាល ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៦ ខែតុលា ហើយភ្លៀងអាចបន្តធ្លាក់ រហូតដល់ថ្ងៃទី២១ ខែតុលា៕