ភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ លោក កឹម សុខា អតីតប្រធានគណសង្គ្រោះជាតិ បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា៖ សូមឲ្យស្មារតីដ៏ថ្លៃថ្លា សាមគ្គីជាតិ ខ្មែរជួយខ្មែរ មានឋិតឋេរបន្តទៀតជានិរន្តរ៍។

ថ្ងៃនេះខ្ញុំ និងសហការី បាននាំយកជំនួយមនុស្សធម៌របស់បងប្អូនខ្មែរនៅសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី ដែលបានផ្តល់មកតាមរយៈខ្ញុំ បន្តចែកជូនប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយទឹកជំនន់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

កាលពីថ្ងៃសុក្រទី១៦ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ លោក កឹម សុខា បានបង្ហោះសារមួយថា៖ គ្រោះទឹកជំនន់ ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋខ្មែរក្នុង និងក្រៅប្រទេស មានចិត្តសប្បុរសធម៌ អាណិតស្រឡាញ់បងប្អូនរួមជាតិយើងដែលបាន និងកំពុងរងគ្រោះដោយទឹកជំនន់ ដែលបានចូលរួមជាថវិកា សម្ភារៈ តាមរយៈខ្ញុំ ដើម្បីឲ្យខ្ញុំយកទៅចែកជូនផ្ទាល់ដល់ទីកន្លែងរងគ្រោះកន្លងមក និងបន្តទៀត។

ថ្ងៃនេះ យើងខ្ញុំក៏បានផ្តល់ជូនតាមរយៈរាជរដ្ឋាភិបាលសម្រាប់ចូលរួម ការងារសង្រ្គោះផលប៉ះពាល់ដោយទឹកជំនន់នេះ នូវទឹកប្រាក់ចំនួន ៥.០០០$ (ប្រាំពាន់ដុល្លារអាមេរិក) ផងដែរ។

យើងខិតខំរួមគ្នា ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរយើង ដោយគ្មានការរេីសអេីង មិនគិតពីនិន្នាការនយោបាយ។ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រុងប្រយត្ន័ខ្ពស់បន្តទៀត ចំពោះមុខគ្រោះមហន្តរាយនេះ។សូមជូនពរឲ្យខ្មែរបានសុខ ចាកផុតទុក្ខ៕