ថៃ៖ កាលពីថ្ងៃសុក្រទី១៧ ខែតុលា ឆ្នាំ២០២០ មេដឹកនាំក្រុមបាតុករនៅទីក្រុងបាងកក បានប្រកាស «បញ្ចប់បាតុកម្ម» បន្ទាប់ពីបានមើលឃើញកងកម្លាំងប៉ូលិស ប្រើប្រាស់កាណុងបាញ់ទឹក បង្ក្រាបលើក្រុមបាតុករដែលជានិស្សិត និងយុវវ័យ ខណៈលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នៅតែប្រកាន់ជំហរថា លោកនឹងមិនចុះចេញពីតំណែងជាដាច់ខាត។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០នេះ។

មេដឹកនាំចលនាបាតុកម្មបានប្រកាស«បញ្ចប់បាតុកម្ម»នេះ គឺធ្វើឡើងក្រោយពីក្រុមនិស្សិត និងប្រជាជនថៃ ដែលបានចូលរួមនៅក្នុងចលនាបាតុកម្ម ត្រូវបានកងកម្លាំងប៉ូលិសប្រើប្រាស់ខែល, ដំបង និងកាណុងបាញ់ទឹក ដើម្បីបំបែកការប្រមូលផ្តុំគ្នានៅដងវិធី រ៉ាឆាប្រាសុង (Ratchaprasong) ដ៏មមាញឹកនៅកណ្តាលទីក្រុងបាងកក ដែលបានបំពានបំរាម ឬការប្រកាសអាសន្នឈានចូលថ្ងៃទី ២ សម្រាប់យប់ថ្ងៃសុក្រម្សិលមិញនេះ។

ប៉ូលិសថៃ បានប្រើធម៌ក្តៅជាលើកដំបូង ដើម្បីបញ្ឈប់ការធ្វើបាតុកម្មដែលបានអូសបន្លាយពេលជាង៣ខែមកហើយ ក្នុងការទាមទារឲ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឲ្យដូចដើមវិញ ព្រោះរដ្ឋធម្មនុញ្ញបច្ចុប្បន្ននេះ (ដែលត្រូវបានធ្វើវិសោធនកម្មកាលពីឆ្នាំ២០១៧) បានផ្តល់អំណាច ជ្រុលហួសហេតុពេកដល់ព្រះមហាក្សត្រ។

យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា តើការប្រកាសបញ្ចប់បាតុកម្មខាងលើនេះ គឺជាការប្រកាសបញ្ចប់បាតុកម្មរហូត ឬមួយក៏ជាការត្រៀមរកយុទ្ធសាស្ត្រថ្មី ដើម្បីបន្តធ្វើបាតុកម្មបន្តទៀតនោះទេ។

គួរបញ្ជាក់ថា ក្នុងការធ្វើបាតុកម្មជាង៣ខែមកនេះ មានមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្គុំគ្នានៅទីក្រុងបាងកក ហើយសមត្ថកិច្ចបានចាប់ខ្លួនខ្លួនមេដឹកនាំបាតុករ៣នាក់ និងចាប់ខ្លួនបាតុករសរុបប្រហែល៤០នាក់ផងដែរ៕