រដ្ឋធានីប៉េកាំង៖ ប្រធាន​មន្ទីរពេទ្យម្នាក់ និង​ប្រធាន​គណៈកម្មការ​សុខាភិ បាល​​​ទីក្រុង​ឈី​ង​តាវ ជាប់ពាក់ព័ន្ធនឹងករណីថ្មី នៃការផ្ទុះ​វីរុសកូរ៉ូណា ឬ​កូវីដ១៩ ហើយត្រូវបានរដ្ឋាភិបាលចិន សម្រេចដាក់ទណ្ឌកម្ម លើពួកគាត់ ដោយម្នាក់ត្រូវព្យួរការងារ និងម្នាក់ទៀត ត្រូវបណ្ដេញចេញពីតំណែង។

បើតាមក្រសួងសុខាភិបាលចិន បានឲ្យដឹងថា មន្រ្ដីសុខាភិបាល២រូប ដែលរងនូវការដាក់ទណ្ឌកម្មនោះ រួមមាន ទី១-លោក​ប្រធាន​គណៈកម្មការ​សុខាភិបាល​​ទីក្រុង​ឈី​ង​តាវ (ត្រូវ​ព្យួរការងារ) និងទី២-​ប្រធាន​មន្ទីរពេទ្យ Qingdao Chest  ជា​ប្រភព នៃការ​ឆ្លង​ថ្មី នៃវីរុសកូវីដ-១៩​ ត្រូវបាន​បណ្តេញ​ពី​តំណែង​។

ទីភ្នាក់ងារ​សារព័ត៌មានរបស់ចិន ស៊ីនហួ បានផ្សាយថា នៅក្នុង​ទីក្រុង Qingdao ត្រូវបានគេ​រាយការណ៍​ថា មាន​ការឆ្លង​ថ្មី នៃកូវីដ-១៩ ​ចំនួន១៣ករណី ហើយ​ភាគច្រើន ជាប់ពាក់ព័ន្ធនឹង​មន្ទីរពេទ្យ Qingdao Chest ជាទី​ដែល​អ្នកធ្វើដំណើរ​ឆ្លង ​មកពី​បរទេស​។ ​​ក្នុងចំណោម​ករណី​ឆ្លងថ្មី នៃកូវីដ-១៩ បាន​កើត​លើក​ម្មករម្នាក់ ​ធ្វើការ​នៅក្នុង​កំពង់ផែមួយកន្លែង។  ប៉ុន្តែ​​ការវិវឌ្ឍ​របស់​រោគសញ្ញានេះ ​បាន​កើតឡើង ​បន្ទាប់ពី​ឆ្លងបានរយៈពេល​ប្រហែល២០ថ្ងៃ​។​

​ដោយឡែកអាជ្ញាធរទីក្រុង​ឈី​ង​តាវ បានប្រកាស ​នៅ​សប្តាហ៍​នេះ​ថា អាជ្ញាធរនឹងធ្វើ​តេស្តលើ​ប្រជាជន​របស់ខ្លួន​ទាំងអស់ មាន​ចំនួន៩លាន​នាក់ ​ក្នុង​រយៈពេល៥ថ្ងៃ​។ ប៉ុន្ដែបើតាមរបាយការណ៍​ចុងក្រោយ ​បាន​បង្ហាញថា ប្រជាជន​ជាង៧លាន ​ត្រូវបានធ្វើតេស្ដ រកឃើញ​​លទ្ធផល​អវិជ្ជមាន​។ រហូតមកដល់ពេលនេះ អាជ្ញាធរ​ចិន​ បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ នៃវីរុសកូរ៉ូណា ក៏​​ដូចជា ​ការធ្វើ​យុទ្ធនាការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំផងដែរ​។

សូមជម្រាបថា វីរុសកូរ៉ូណា ហៅកាត់ កូវីដ-១៩ (Coronavirus Disease 2019) បានផ្ទុះឡើងជាលើកដំបូង កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុងវូហាន (ចិនអាន «អូហាន») ខេត្តហ៊ូប៉ី នាភាគកណ្ដាល ប្រទេសចិន។ បើគិតមកដល់ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅលើពិភពលោក មានអ្នកឆ្លងបន្ដកើនឡើងដល់ ៣៩ ៥៧៣ ០៤៣នាក់ ស្លាប់ ១ ១០៩ ០៧០នាក់ និងអ្នកជាសះស្បើយ ២៩ ៦៥៣ ៤៣៤នាក់។ រីឯប្រទេសចិន ជាប្រភព នៃដើមកំណើតវីរុសកូរ៉ូណានោះ  មានអ្នកឆ្លង ៨៥ ៦៥៩នាក់ (ឆ្លងថ្មី១៣នាក់) ស្លាប់ ៤ ៦៣៤នាក់ និងជាសះស្បើយ ៨០ ៧៦៦នាក់។ ចិនឈរក្នុងលំដាប់លេខ៥២ នៃប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក៕