រដ្ឋធានីហាណូយ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព្យុះត្រូពិកនាំ​មកនូវទឹកភ្លៀង បានវាយប្រហារមកលើប្រទេស​វៀតណាមយ៉ាងខ្លាំង បណ្ដាល​ឲ្យមនុស្សស្លាប់ និងបាត់ខ្លួនជាង៦០នាក់ ហើយវាបាន​បំផ្លាញ​ផលដំណាំរាប់ម៉ឺនហិកតា ដែលគិតជាប្រាក់ប្រហែលជាង​២០០​ដុល្លារអាមេរិក។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម បានប្រកាស កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ថា ព្យុះបានវាយប្រហារមកលើតំបន់ភាគកណ្ដាល នៃប្រទសវៀតណាម ដោយនាំមកជាមួយនឹងទឹកភ្លៀង ធ្លាក់មកយ៉ាងខ្លាំង បង្កឲ្យទឹកជំនន់ជន់លិច នៅតាមតំបន់ជាច្រើន។ គ្រោះធម្មជាតិនេះ បានសម្លាប់មនុស្ស អស់៥៥នាក់ និងបាត់ខ្លួនចំនួន៧នាក់។ ក្រៅពីនេះ គ្រោះធម្មជាតិមួយនេះ បានបំផ្លាញដំណាំ អស់ជាច្រើនហិកតា។ រីេភ្លៀងបានធ្លាក់ខ្លាំង បង្កទៅជាគ្រោះទឹកជំនន់ នៅតែបន្តអូសបន្លាយ អស់រយៈពេល១០ថ្ងៃមកហើយ។

អាជ្ញាធរវៀតណាម បានបញ្ជាក់ថា ក្នុងចំណោមចំណោមជនរងគ្រោះ​ដែលបាត់បង់ជីវិតទាំងអស់នោះ គឺភាគច្រើនត្រូវបានទឹកកួច បណ្តាលឲ្យលង់ស្លាប់។ ជនរងគ្រោះទាំងនោះ រស់នៅតាមខេត្ត ភាគកណ្តាល ប្រទេសវៀតណាម មានដូចជា ខេត្តក្វាងទ្រី (Quang Tri), ធួធានហឺ (Thua Thien-Hue) និងក្វាងណាម (Quang Nam)។ ទឹកជំនន់នេះ បានបំផ្លាញផ្ទៃដីដំណាំប្រមាណជាង ៧០០០ហិកតា និងសម្លាប់សត្វពាហនៈជាង ៤៤៥៧០០ក្បាលថែមទៀតផង។ អាជ្ញាធរជាតិវៀតណាម បានវាយតម្លៃថា គ្រោះមហន្តរាយនានា ជាពិសេសខ្យល់កួច, ទឹកជំនន់, ការរអិលបាក់ដី និងជំនន់ទឹកភ្លៀង បានបង្កការខាតបង់សេដ្ឋកិច្ច អស់ប្រមាណ ៥ពាន់កោដិលានដុង (លុយវៀតណាម) ឬប្រហែលជាង ២១៧លានដុល្លារអាមេរិក។

ព្យុះត្រូពិក ឈ្មោះ ណាងកា (Nangka) បានវាយប្រហារមកលើតំបន់ភាគខាងជើង និងភាគកណ្តាល ប្រទេសវៀតណាម នៅពីថ្ងៃពុធសប្តាហ៍នេះ។ អាជ្ញាធរវៀតណាមបានបញ្ជាក់ថា បើគិតចាប់ពីថ្ងៃទី៥ ដល់ ១៣ខែតុលា នៅតាមតំបន់ខ្លះ នៃប្រទេសវៀតណាម បានទទួលកម្រិតទឹកភ្លៀងធ្លាក់ រហូតដល់ ២០០០មិលី្លម៉ែត្រ។

មជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិវៀតណាម បានឲ្យដឹងថា ភ្លៀងធ្លាក់​ខ្លាំងបាន និងកំពុងបន្ដវាយប្រហារនៅតំបន់ខ្ពង់រាប និងភាគកណ្តាល ប្រទេសវៀតណាមម្តងទៀត ចាប់ពីថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ ហើយវាអាចបន្ត រហូតដល់ថ្ងៃទី២១ ខែតុលាខាងមុខ៕