រាជធានីបាងកក៖ អ្នកតវ៉ា២នាក់ បានធ្វើបាតុកម្មកាត់ក្បួនរថយន្ដរបស់ មហាក្សត្រិយានីថៃ ត្រូវបានប៉ូលិសថៃ ឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ហើយពួកគេ អាចប្រឈមនឹងការជាប់ពន្ធនាគារ អស់មួយជីវិត ក្រោមការចោទប្រកាន់ ពីបទ «បង្កគ្រោះមហន្ដរាយ​ដល់ព្រះ​មហាក្សត្រិយានី»។

បើតាមសារព័ត៌មាន Freemalaysiatoday បានផ្សាយ នៅថ្ងៃទី១៦ ខែ​តុលា ថា ប៉ូលិសថៃបានចាប់ខ្លួនសកម្មជនពីរនាក់ កាលពីថ្ងៃសុក្រ (ទី១៦ ខែតុលា) ក្រោមច្បាប់ ហាមប្រើអំពើហិង្សា ប្រឆាំងនឹងមហាក្សត្រិយានី។ ការចាប់ខ្លួនពួកគេទាំង២នាក់នេះ បានកើតឡើង បន្ទាប់ពីអ្នក​តវ៉ាគាំទ្រ​លទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់ចេញមុខប្រឆាំងនឹងក្រឹត្យ ប្រកាសដាក់​ប្រទេសក្នុងគ្រាអាសន្ន ហាមការប្រមូលផ្ដុះគ្នា តាមដងផ្លូវ នៅក្នុងទី​ក្រុងបាងកក ចេញដោយលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ។

បណ្ដាញផ្សព្វផ្សាយដដែល បានបន្ដថា សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលត្រូវចាប់ខ្លួន រួមមាន លោក Ekachai Hongkangwan និងលោក Bunkueanun Paothong ។ ពួកគេទាំង២នាក់ ស្ថិតក្នុងចំណោម​សកម្ម​ជន ដែលនាំគ្នាឡោមព័ទ្ធក្បួនព្រះទីនាំងរបស់ព្រះមហាក្សត្រិយានី Suthida កាលពីថ្ងៃទី១៤ ខែតុលា នៅក្នុងអំឡុងពេលធ្វើបាតុកម្មដ៏ធំ នៅ​ជិត​​វិមានរដ្ឋាភិបាល នាកណ្ដាលទីក្រុងបាងកក។

លោក Bunkueanun ជាសកម្មជនម្នាក់ បានសរសេរ នៅតាម​បណ្ដាញ​សង្គមហ្វេសប៊ុក កាលពីព្រឹក ថ្ងៃទី១៦ ខែតុលា ថា ប៉ូលិសបានឡោម​ព័ទ្ធគាត់។ គាត់ត្រូវបានប៉ូលិសចោទប្រកាន់ ពីបទ «បង្កឲ្យមាន​មហន្ដរាយ​ដល់ព្រះមហាក្សត្រិយានី»។ ប៉ុន្ដែគាត់អត់មានទោសកំហុសអ្វីទេ។

ជាមួយគ្នានេះដែរ លោក Ekachai ជាសកម្មជនម្នាក់ដែរនោះ បានប្រាប់​ទីភ្នាក់​ងារសារព័ត៌មាន AFP តាមទូរស័ព្ទ ថា គាត់ក៏ត្រូវបានប៉ូលិស​ចោទ​ប្រកាន់ ដូចករណីខាងលើនេះដែរ។ ក្រោយមក ប៉ូលិសបាននាំគាត់ទៅដាក់ នៅក្នុងមន្ទីរឃុំឃាំង។

សកម្មជនទាំង២នាក់នេះ អាចនឹងត្រូវប្រឈមមុខនឹងការជាប់គុក អស់មួយ​ជីវិត ក្រោមច្បាប់ដែលលែងប្រើអស់រយៈពេលជាច្រើនទសវត្សរ៍ កន្លងមក​ហើយ។ បើតាមច្បាប់នោះ បានកំណត់ទោសទៅលើសកម្មភាព​ហិង្សា​ណាមួយ ប្រឆាំងនឹងព្រះមហាក្សត្រិយានី ឬសេរីភាព នៃការយាង​​​របស់ព្រះ​អង្គ។ នេះជាលើកទីមួយហើយ ចំពោះការចោទប្រកាន់ដ៏ធ្ងន់ធ្ងរ ប្រឆាំងនឹង​សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយមនុស្សជាច្រើនទៀត អាចនឹង​ត្រូវ​រងការចោទប្រកាន់បែបនេះ។

បើតាមមាត្រា១១០ នៃក្រមព្រហ្មទណ្ឌនោះ សកម្មជនទាំង២នាក់នេះ អាចប្រឈមមុខនឹងការជាប់គុក ចន្លោះពី១៦-២០ឆ្នាំ ឬជាប់គុកអស់​មួយជីវិត ចំពោះការរារាំងដល់សេរីភាពរបស់ព្រះមហាក្សត្រិយានីថៃ។ រីឯប៉ូលិសកំពុងតែប្រមូលភ័ស្ដុតាង រួមទាំង វីដេអូ និងរូបភាព ដើម្បី​កាត់ទោសដល់ក្រុមណាមួយ ដែលប្រមូលផ្ដុំគ្នា នៅតាមផ្លូវក្បូនព្រះ​មហាក្សត្រ ឬព្រះមហាក្សត្រិយានីយាង៕