រាជធានីបាងកក៖ ប្រជាពលរដ្ឋខ្មែរ ចំនួន៨នាក់ បានឆ្លងដែន​ដោយខុស​ច្បាប់ ចូលទៅស្វែងរកការងារធ្វើ នៅក្នុងប្រទេសថៃ ក៏ត្រូវសមត្ថកិច្ច នៃ​ប្រទេសនេះឃាត់ខ្លួន រួមជាមួយនឹងអ្នកបើកបររថយន្ដជាជនជាតិថៃម្នាក់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅក្នុងឃុំគោកសួង (Khok Soong) ខេត្ដស្រះកែវ។ នេះបើតាមសារព័ត៌មានថៃ The Nation ចេញ​ផ្សាយ នៅថ្ងៃទី១៦ ខែតុលា នេះ។

លោកវរសេនីយ៍ឯក Thapanon Nongphong ប្រធានប៉ូលិសល្បាត​ព្រំ​ដែនតំបន់១២ បានឲ្យដឹងថា កងកម្លាំងរបស់លោក បានឃាត់ខ្លួន​ប្រជា​ពល​រដ្ឋខ្មែរ ចំនួន៨នាក់ (បុរស៣ និងស្រី៥នាក់) និងអ្នកបើកបររ៉ឺម៉កម្នាក់ ជាជនជាតិថៃ កាលពីថ្ងៃទី១៥ ខែតុលា។ ការឃាត់ខ្លួនខ្លួននេះ ក៏ដោយ​សារតែពួកគេឆ្លងដែនចូលមកទឹកដីថៃ ដោយខុសច្បាប់។ រីឯជនជាតិ​ថៃ​ម្នាក់នោះ ក៏បានឃាត់ខ្លួនផងដែរ ដោយសារគេជាអ្នករត់ការ នាំផ្លូវចូលមកទឹកដីថៃ។

លោកវរសេនីយ៍ បានបន្ថែមថា បើតាមការសាកសួរ ជនចំណាកស្រុក​ទាំង​នេះ បានប្រាប់ប៉ូលិសថៃថា ពួកគេបានឆ្លងព្រំដែន ស្ថិតក្នុងឃុំ Non Mak Moon នាពេលយប់ ដើម្បីស្វែងរកការងារសំណង់ធ្វើ នៅក្នុងស្រុកBan Chang ខេត្ត Rayong ប្រទេសថៃ។ រីឯមូលហេតុ ដែលពួកគេមកនេះ ក៏ដោយសារតែការងារជាច្រើន នៅក្នុងប្រទេសកម្ពុជា ត្រូវផ្អាក​ដំណើរ​ការអស់ ព្រោះ​កំពុងរងនូវគ្រោះទឹកជំនន់។

ក្រោយពេលសាកសួររួច សមត្ថកិច្ចថៃ បានបញ្ជូនជនចំណាក​ស្រុកជនជាតិ​ខ្មែរ​ទាំង​៨នាក់នោះ ទៅកាន់ស្ថានីយប៉ូលិស Khok Soong ដើម្បីចាត់​ការ​តាមច្បាប់៕