ក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមួយ ដែលភ្ជាប់ជាមួយក្រុមហ៊ុន Alibaba Group Holding របស់ប្រទេសចិន និយាយថាក្រុមហ៊ុននឹងដកពាណិជ្ជកម្មរបស់ខ្លួន ចេញពីកោះតៃវ៉ាន់។ ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេលដែលកោះតៃវ៉ាន់កំពុងលើកឡើងពីការពិនិត្យពិច័យការវិនិយោគរបស់ប្រទេសចិន។

ក្រុមហ៊ុនអង់គ្លេស Claddagh Venture Investment បានបើកដំណើរការវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Taobao Taiwan កាលពីឆ្នាំមុន តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកោះតៃវ៉ាន់។ ក្រុមហ៊ុន Claddagh បាននិងកំពុងដំណើរការគេហទំព័រនេះ ដោយមានការព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណពីក្រុមហ៊ុន Alibaba ដែលដំណើរការវេទិកាទិញទំនិញតាមអ៊ិនធឺរណេត(online) ធំបំផុតរបស់ប្រទេសចិន។ កោះតៃវ៉ាន់ បានចេញបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង លើការវិនិយោគណាមួយដែលមានច្រើនជាង ៣០ ភាគរយ ជាកម្មសិទ្ធិរបស់ប្រទេសចិន។

ក្រុមហ៊ុន Alibaba និយាយថាភាពជាម្ចាស់ ចំពោះក្រុមហ៊ុនCladdagh គឺស្ថិតនៅក្រោមកំរិតមួយ។ ប៉ុន្តែក្រសួងកិច្ចការសេដ្ឋកិច្ច កោះតៃវ៉ាន់ បាននិយាយថាក្រុមហ៊ុន Alibaba មានការគ្រប់គ្រងពិតនៃក្រុមហ៊ុន Claddagh ហើយក៏បានរកឃើញថាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់គេហទំព័រនេះ អាចត្រូវបានបញ្ជូនទៅប្រទេសចិន។ កាលពីខែសីហា ក្រសួងបានបញ្ជាឱ្យក្រុមហ៊ុន Claddagh កែតម្រូវស្ថានការណ៍។

ក្រុមហ៊ុន Claddagh បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ដោយនិយាយថាក្រុមហ៊ុនបានសម្រេចចិត្តបញ្ឈប់ការទទួលយកការបញ្ជាទិញថ្មីៗ នៅលើគេហទំព័រ Taobao Taiwan ហើយនឹងបិទប្រតិបត្តិការដែលពាក់ព័ន្ធនៅចុងខែធ្នូ។ សេចក្តីថ្លែងការណ៍បានលើកឡើងពី ភាពមិនប្រាកដប្រជាជាច្រើននៅក្នុងទីផ្សារ ។ អាជ្ញាធរកោះតៃវ៉ាន់ ក៏បានបញ្ជាឱ្យអ្នកផ្តល់ សេវាកម្មផ្សាយវីដេអូ បញ្ឈប់ពាណិជ្ជកម្មកម្មរបស់ខ្លួននៅកោះតៃវ៉ាន់។