ភ្នំពេញ ៖ ថ្មីៗនេះ តារាចម្រៀង ឆន សុវណ្ណារាជ បានធ្វើឲ្យអ្នកគាំទ្ររំភើបខ្លាំងតែម្តង បន្ទាប់ពីមិត្តភក្តិ និងបងប្អូន ធ្វើពិធីខួបកំណើតឱ្យ និងឱ្យកាដូដ៏ពិសេសនៅក្នុងនំខេក មានទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ និងចិញ្ចៀនពេជ្រ១វង់ ទៀតផង។

ក្រោយពីបានបង្ហោះនូវទិដ្ឋភាពពិធីខួបកំណើតនេះនៅលើបណ្តាញសង្គមហ្វេសប៊ុករួចមក ក៏ស្រាប់តែមានមហាជនមួយចំនួនបានចូលទៅខមិនរិះគន់ ដោយអ្នកខ្លះថា៖ «សុំទោសអូន! បងមិនថាអីទេ តែសូមអូនកុំបញ្ចេញ និងសម្ញែងលុយបែបនេះនៅពេលដែលប្រជាជនយើងកំពុងតែជួបគ្រោះធម្មជាតិលិចទឹក គ្មានទីជម្រក ។ កុំភ្លេចថា យើងមានថ្ងៃនេះក៏ដោយសារតែមានពួកគាត់ជួយគាំទ្រដែរ បងគិតថាវាមិនសូវសមណាអូន»

រីឯអ្នកខ្លះទៀត ក៏បានខមិនរូបកំពូលមេចោរ អារ៉ាស្មាច់ ដោយពោលពាក្យដ៏ញាក់សាច់ថា៖ «បើសិនឥឡូវបង(រ៉ាស្មាច់) នៅរស់ ម្លេះអ្នកលក់ឡេ និងមនុស្សមួយចំនួនមិនហ៊ានបង្ហោះបង្អួតឡានទំនើប ចិញ្ចៀនពេជ្រ និងលុយដុល្លារក្នុងបណ្តាញសង្គមដូចសព្វថ្ងៃនេះទេ…»។

ដោយមិនអាចទទួលយកពាក្យរិះគន់ខាងលើនេះបាន តារាចម្រៀងឆន សុវណ្ណារាជ ក៏បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុក តបទៅវិញថា៖ «បងប្អូនខ្ញុំគ្រាន់តែផុសសោះក៏ខុសដែរ ដៀលឡើងកប់ៗមាត់ និយាយទៅអោយតែអ្នកសិល្បៈធ្វើអីក៏ខុសដែរ អោយតម្លៃបន្តិចទៅបានអត់ មានក៏ខុស ក្រក៏ខុសមើលក្នុងផ្លូវល្អខ្លះទៅបានអត់ ពេលខ្លះមិនដូចការគិតរបស់យើងទេ សូមមេត្តាណា ខ្មែរដូចគ្នាទេ រៀនអោយតម្លៃអ្នកសិល្បៈខ្លះទៅ សូមមេត្តាណា ពួកខ្ញុំក៏មានតម្លៃដែរ អ្នកសិល្បៈហ្នឹងវាអន់ខ្លាំងណាស់ទៅហេក្នុងក្រសែភ្នែកអ្នក? សុំទោសបើខ្ញុំនិយាយខុស» ៕