ក្រោយពេលដឹកដៃគ្នាជាមួយទេវបុត្រ នៅក្នុងបេះដូង ចូលរោងការរួចមក រហូតមកដល់ព្រឹក ថ្ងៃទី៩ ខែតុលា តារាចម្រៀង អ្នកនាង សួស វីហ្សា បានទទួលនូវចំណងដៃអាពិពាហ៍ពាហ៍ នាគ្រាដំបូងរបស់នាង ដោយប្រសូតបានកូនស្រីម្នាក់ មានរូបរាងដ៏ស្រស់ស្អាត និងគួរជាទីស្រឡាញ់បំផុត។

លោក ថមមី បានថ្លែងថា «ទីបំផុតកាដូ នៃចំណងដៃរៀបការរបស់ពួកខ្ញុំ​ទាំង​ពីរនាក់ ទទួលបានហើយ គឺកូនស្រីដ៏ឆ្លាតរបស់ប៉ា-ម៉ាក់។ អូន​សម្លាញ់​បានសម្រាលកូនមក ប្រកបដោយជោគជ័យ និងសុវត្ថិភាព។ រីឯកូន​ស្រី​របស់ប៉ា នាងបានមកឃើញពិភពលោកដ៏ស្រស់ស្អាត និងជ្រកក្រោមម្លប់ នៃសុខសន្តិភាពហើយ»។

លោក ថមមី បានរៀបរាប់ទាំងក្ដីរំភើបបន្ដទៀតថា សមាជិកថ្មី នៃ​ក្រុម​គ្រួសាររបស់លោក នឹងក្លាយជាបេះដូងរបស់ពួកខ្ញុំ គឺកូនស្រីឈ្មោះ ថង សាម៉ូលីណា ហៅ Jenny។ នាងបានកើត កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។

ក្រៅពីរៀបរាប់ទាំងក្ដីរំភើបលើគ្រាប់ពេជ្រ នៅក្នុងបេះដូងនោះ លោក ថមមី បានថ្លែងអំណរគុណដល់បងប្អូនទាំងអស់ ដែលបានជូនពរ និងផ្តល់ជា​កម្លាំង​​ចិត្តដល់ក្រុមគ្រួសាររបស់លោក។ លោក និងក្រុមគ្រួសារទាំងមូល សូម​អរគុណចំពោះបងប្អូនទាំងអស់ សម្រាប់ការលើកទឹកចិត្ត និងសាក​សួរ​សុខទុក្ខនេះ។

សូមជម្រាបថា តារាចម្រៀង អ្នកនាង សួស វីហ្សា និងលោក ថមមី បានដឹកដៃគ្នាចូលរោងការយ៉ាងអធឹកអធម កាលពីអំឡុងចុងខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីឈ្វេងយល់ចិត្តគ្នា អស់រយៈពេលជាច្រើនឆ្នាំមក៕