ខេត្តកំពង់ធំ ៖ នៅក្នុងបឹងធម្មជាតិ «បឹងភេ» ដែលមានទីតាំងនៅស្របតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ប្រជាកសិករតែចាប់បានសត្វក្រពើបាននៅក្នុងបឹងនោះជាហូរហែ ។
ជាក់ស្តែង កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ មានប្រជាពលរដ្ឋម្នាក់ ឈ្មោះឆាយ រក្សា ពេលទៅលើកលបដែលដាក់នៅជាយមាត់បឹងភេខាងក្រោយផ្ទះរបស់លោក ស្រាប់តែមានកូនក្រពើមួយក្បាលទម្ងន់ប្រហែលជា១គីឡូក្រាម ។ លុះដល់ព្រឹកថ្ងៃទី០៧ ខែតុលា លោកដាក់លបបានក្រពើមួយក្បាលទៀត ទម្ងន់ប្រហែលជា៣គីឡូ ធ្វើឲ្យលោកជឿជាក់ថា «បឹងភេ »នេះពិតជាមានសត្វក្រពើរស់នៅពិប្រាកដមែន ។
ជុំវិញនឹងករណីនេះ លោក ហម ហ៊ុន នាយខ័ណ្ឌជលផលកំពង់ធំ បានប្រាប់បណ្តាញសារព័ត៌មានថា «បឹងភេ » ខាងលើនេះ ពិតជាមានសត្វក្រពើធម្មជាតិរស់នៅពិប្រាកដមែន មិនមែនជាសត្វក្រពើ ដែលគេចិញ្ចឹមនៅក្នុងអាងក្បែរទីនោះរួចនោះទេ ពីព្រោះអាងក្រពើដែលពលរដ្ឋចិញ្ចឹមជាប់ទីតាំងបឹងភេនោះ គេធ្វើខ្ពស់ហើយរឹងមាំណាស់ ក្រពើមិនអាចចេញបានឡើយ ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរបឹងភេ សូមមានការប្រុងប្រយ័ត្ន៕