រាជធានីភ្នំពេញ÷ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានរកឃើញកាំភ្លើងខ្លីមួយដើម គ្រាប់៣០គ្រាប់ ដកហូតរថយន្តមួយគ្រឿងនិងឃាត់ខ្លួនជនជាតិចិនចំនួន៦នាក់ (ប្រុស៣នាក់ស្រី៣នាក់) ដែលជិះក្នុងរថយន្ត ក្នុងពេលត្រួតពិនិត្យរកអាវុធជាតិផ្ទុះកាលពីយប់ថ្ងៃទី៦​ ខែ​​​​តុលា​ ឆ្នាំ២០២០ ក្នុងក្រុងព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តដែលរកឃើញមានអាវុធនេះម៉ាក អាល់ផាត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BE-0032 មានមនុស្ស៦នាក់ជាជនជាតិចិន ចំណែកកាំភ្លើងដែលដកហូតបាន ជាកាំភ្លើងខ្លីម៉ាក G-Lock 19 Gen5 មានបង់កាំភ្លើងចំនួន២ និងគ្រាប់ចំនួន៣០គ្រាប់ ។ ក្រៅពីនេះ ក៍រកឃើញថ្នាំញៀនមួយកញ្ចប់ដែរ ហើយបច្ចុប្បន្នជនសង្សយ័និងវត្ថុតាង សមត្ថកិច្ចឃាត់នាំយកមកសាកសួរស្រាវជ្រាវតាមនិតិវិធី។

សុំបញ្ជាក់ថា លោក គួច ចំរើនអភិបាល ខេត្តព្រះសីហនុ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញវិធានការឲ្យអជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច ធ្វើយុទ្ធនាការត្រួតពិនិត្យរកអាវុធជាតិផ្ទុះនិងធ្វើរដ្ឋបាលចំហ ដើម្បីបង្ក្រាបបទល្មើសផ្សេងៗ រក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត៕