ភ្នំពេញ៖ ហាងម៉ាស្សាបង្កប់សេវាផ្លូវភេទមួយកន្លែង ពេលភ្លៀវចូលកោសខ្យល់ និងរួមភេទ បានបន្លំលួចយកលុយភ្ញៀវ អស់ចំនួន១០០ដុល្លារ កាលពីវេលាម៉ោង១០និង៤០នាទី យប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ច្រកចូលសាលាសុវណ្ណភូមិ ដែលស្ថិតនៅផ្ទះយីហោកោសជប់ម៉ាស្សា១៩៩ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ រិត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្ដ នៅជិតរង្វង់មូលចោមចៅ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។
ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ គាត់មិនសូវស្រួលខ្លួន ក៏មកកោសជប់នៅហាងម៉ាស្សា១៩៩នេះ ដោយបានហៅនារីម្នាក់ ដើម្បីកោសខ្យល់ឱ្យ តែមុននឹងកោសខ្យល់ នារីម៉ាស្សាបានឲ្យគាត់ ដោះសម្លៀកបំពាក់ ព្យួរទុកសិន ហើយឲ្យគាត់ស្លៀកកន្សែង។ គាត់បាននិយាយជាមួយនារីម៉ាស្សានេះ ត្រូវរ៉ូវគ្នា រួចរួមភេទបន្ថែមទៀតអស់តម្លៃ១០ដុល្លារ ។ លុះរួមភេទរួច គាត់ក៏ជិះម៉ូតូចេញពីហាងម៉ាស្សានោះវិញ។ លុះទៅដល់ហ្ការ៉ាស់រថយន្ត គាត់ទាញកាបូបមើល ឃើញមានលុយដុល្លារក្លែងក្លាយចំនួន១០០ដុល្លារ គាត់បានប្រញាប់ប្រញាល់ទៅហាងម៉ាស្សានោះវិញ ដើម្បីសួរនាំ តែថៅកែហាងម៉ាស្សា និងនារីម៉ាស្សានោះ មិនទទួលខុសត្រូវ ហើយបានទូរស័ព្ទទៅហៅនាយរងប៉ុស្ដិ៍ចោមចៅ មកសួរនាំបួនដប់ម៉ាត់ នាយរងប៉ុស្ដិ៍នោះក៏ត្រឡប់ទៅវិញបាត់ទៅ។ រហូតដល់មានអ្នកសារព័ត៌មាននាំគ្នាមកថតពេញមុខហាង ទើបលោកនាយរងប៉ុស្តិ៍ មកម្តងទៀត ហើយនាំនារីម៉ាស្សាដែលជាជនសង្ស័យយកទៅប៉ុស្តិ៍ ដើម្បីសួរនាំ។
តែនារីម៉ាស្សានោះមិនសារភាពឡើយ ទាល់តែសមត្ថកិច្ចបម្រុងបញ្ជូនទៅផ្នែកជំនាញ ទើបភាគីខាងថៅកែម៉ាស្សា សុំសងលុយ១០០ដុល្លារជំនួសវិញ ដើម្បីបញ្ចប់រឿង៕