ភ្នំពេញ៖ ហាងតែគុជល្បីឈ្មោះមួយមកកោះតៃវ៉ាន់ ដែលមានយីហោ One Zo ( វ័ន ហ្សូ ) បានចាប់ផ្ដើមដំណើរការទីតាំងទី១របស់ខ្លួននៅកម្ពុជា តាមបណ្ដោយផ្លូវកម្ពុជាក្រោម ហើយគ្រាន់តែចាប់ផ្ដើមបើកដំណើរការនៅកម្ពុជាភ្លាមម្ចាស់អាជីវកម្មនេះ បានប្រកាសថាខ្លួននឹងស្វែងរកទីតាំងដើម្បីបើកដំណើរបន្តបន្ទាប់ទៀតនៅក្នុងប្រទេសកម្ពុជា ដោយសារតែខ្លួនមានសុទិដ្ឋិនិយមចំពោះទីផ្សារក្នុងប្រទេសកម្ពុជាពីតម្រូវការរបស់ប្រជាពលរដ្ឋ ។

ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការនៃហាងតែគុជ One Zo កាលពីព្រឹកថ្ងៃទី ០២ តុលា ២០២០ លោក ខេវិននាយកគ្រប់គ្រងហាងតែគុជ វ័ន ហ្សូ ប្រចាំប្រទេសកម្ពុជា បានអោយដឹងថា ហាងតែគុជវ័ន ហ្សូជាហាងដែលបង្កើតឡើងនៅតៃវ៉ាន់ តាំងពីឆ្នាំ ២០១៥ ប៉ុន្តែអាជីវកម្មនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជនទាំងនៅតៃវ៉ាន់ផ្ទាល់និងនៅអន្តរជាតិ ។ រហូតមកដល់ពេលនេះ វ័ន ហ្សូបានពង្រីកទៅដល់ប្រទេសជាច្រើនរួមមានសហរដ្ឋអាមេរិក ប្រទេសហ្វីលីពីន ប្រទេសវៀតណាម ប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី កាណាដា អាឡឺម៉ង់ ណូវែលហ្សេឡង់ អូស្ត្រាលី និងប្រទេសជាច្រើនទៀត ហើយហាងតែគុជ វ័នហ្សូ ក៏បានមើលពីសក្ដានុពលទីផ្សារក្នុងប្រទេសកម្ពុជា ទើបខ្លួនសម្រេចបើកដំណើរការ និងមានបំណងបើកបន្តបន្ទាប់នៅពេលអនាគត ។

លោកបន្តថា សម្រាប់ប្រទេសកម្ពុជា លោកមើលឃើញថាគឺនៅមានសក្ដានុពលខ្ពស់ក្នុងការពង្រីកទីផ្សារ ហើយទីតាំងដំបូងនេះ គឺជាទីតាំងដែលល្អបំផុត ដោយសារតែវានៅចំចំនុចកណ្ដាលនៃប្រជុំសិស្សនិស្សិត និងអាជីវករ ដោយក្នុងហាងមានកន្លែងសម្រាប់សិស្សនិស្សិតអង្គុយសិក្សា ក៏ដូចជាអ្នកធ្វើការអាចមកធ្វើការនៅក្នុងហាងក៏បានដែរ ។ អ្វីដែលសំខាន់សម្រាប់ហាងតែគុជ One Zo គឺធ្វើដោយដៃពិតៗ នៅក្នុងហាងដោយផ្ទាល់ ។ វាក៏អាចជាភេសជ្ជៈជំនួយសុខភាពដល់អ្នកទទួលទានផងដែរ ។

លោកបន្ថែមថា ការចូលមកកាន់ទីផ្សារប្រទេសនៃហាងតែគុជវ័នហ្សូ ក៏ជាការចូលរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតហាងសម្បូរបែប មានម៉ាកយីហោក្នុងប្រទេសដើម្បីបម្រើសេវាជូនដល់ភ្ញៀវទេសចរអន្តរជាតិក៏ដូចជាប្រជាជនកម្ពុជាផ្ទាល់តែម្ដង ។ ក្រៅពីនេះក៏បានបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋតាមរយៈបុគ្គលិកបម្រើការនៅក្នុងហាង ហើយអ្វីដែលពិសេសនោះ គឺការផ្ដល់ជំនាញដល់បុគ្គលិកក្នុងហាងទៀតផង ។

ជាការកត់សម្គាល់ បើទោះបីជាកម្ពុជា និងពិភពលោកជួបវិបត្តិដោយសារតែកូវីដ១៩ក្ដី តែសកម្មភាពវិនិយោគនិងអាជីវកម្មនានានិងថ្មីៗពីបរទេសនោះតែបន្តចូលមកកម្ពុជា លើវិស័យជាច្រើន ។ ដោយឡែកវិស័យភេសជ្ជៈក្នុងប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំមកនេះ ក៏ឃើញថាមានម៉ាកយីហោល្បីៗជាច្រើនចាប់ផ្ដើមចូលមកបើកអាជីវកម្មជាបន្តបន្ទាប់ ធ្វើអោយកម្ពុជាកាន់តែមានម៉ាកយីហោអន្តរជាតិកាន់តែច្រើន ៕