ភ្នំពេញ៖ ករណី​ជន​ពុំ​ស្គាល់​មុខ បាន​យក​ដុំ​ថ្ម មួយ​ដុំ​គប់​មក​លើ​រថយន្ត​ដឹក​ដំឡូង​មី ១​គ្រឿង បណ្ដាល​ឲ្យ​ស្លាប់​អ្នកបើកបរ​រថយន្ត​ម្នាក់ កាលពី​ថ្ងៃ​ទី​២៩​កញ្ញា ២០២០ កន្លង​ទៅ រហូត​មក​ដល់​ថ្ងៃ​ទី​០១ តុលា​នេះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន​ហើយ ចំនួន​២​នាក់ ដើម្បី​នាំ​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ។

ជនរងគ្រោះឈ្មោះ ពុំ សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័្លង្ក ខេត្តកំពង់ធំ ។

បន្ទាប់ពីកើតហេតុ លោក​អភិបាលខេត្ត និង​លោកស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​កម្លាំង​ព្រហ្មទណ្ឌ​ខេត្ត ចុះ​ស្រាវជ្រាវ​លើ​ករណី​នេះ នៅ​ទីបំផុត សមត្ថកិច្ច​ចាប់​បាន​ជន​ដៃដល់​ខាងលើ​នេះ ដែល​ក្រុម​នេះ ធ្លាប់​បាន​ប្រព្រឹត្ត​បទល្មើស គប់​កញ្ចក់​រថយន្ត​តាម​ដងផ្លូវ​ជា​ច្រើន​លើក​ទៀត​ផង ។

ជនល្មើសទាំង២មានឈ្មោះ ឈឿ​ន ភារ​ម្យ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ នៅ​ភូមិ​៣៤ ឃុំ​តា​អុង ស្រុក​ចំការលើ​។ និង​ឈ្មោះ រី ធា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ នៅ​ភូមិ​បាំង​២ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។ ជាមួយ​គ្នា​នោះ សមត្ថកិច្ច​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន ជា​លទ្ធផល វិជ្ជមាន ទាំង​២​នាក់ ហើយ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​មក​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ឈឿ​ន ភារ​ម្យ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​និង​ឈ្មោះ រី ធា ពិតជា​បាន​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត ដែល​ធ្វើ​ដំណើ​លើ​ផ្លូវជាតិ​លេខ​៧១ ប្រា​ដក​មែន ហើយ​ធ្លាប់​គប់ ចំនួន​០៦​លើក ដោយ​លើក​ទី​៦​នេះ គឺ​នៅ​វេលា​ម៉ោង​១៨​និង​៣៥​នាទី ថ្ងៃ​ទី​២៩ កញ្ញា ២០២០ នៅ​លើ​ផ្លូវជាតិ​លេខ​៧១ ចំណុច​ភូមិ​បាំង​១ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ បាន​គុប​ដុំ​ថ្ម លើ​រថយន្ត​ដឹក​ដំឡូង​មី បណ្តាល​អោយ​ធ្លុះ​កញ្ចក់​រថយន្ត​មក​ត្រូវ​ចំ​ដើមទ្រូង អ្នកបើកបរ រង​របួស​ធ្ងន់ធ្ងរ រថយន្ត​វេ​អង រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ព្រៃ​កៅស៊ូ ហើយ​បុក​បង្គោល​ភ្លើង បណ្ដាល​អោយ​អ្នកបើកបរ​រថយន្ដ​ស្លាប់ ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំការលើ ។

ដោយ​មាន​ចម្លើយ​សារភាព​ពី​ជនសង្ស័យ និង​ដោយ​មានការ​ឯកភាព​ពី​លោក សាន សុភៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ  ៕