ភ្នំពេញ៖​ បុរសម្នាក់ បែកក្បាលចេញខួរស្លាប់ភ្លាមៗ ក្រោយពីត្រូវឡានបើកមកពីក្រោយបុក និងកិនរួចបន្តទៅបុករ៉ឺម៉កកង់បី បណ្តាលឲ្យក្រឡាប់ផ្ងារជើង ហើយតៃកុងឡានក៏បើកគេចខ្លួនបាត់។ ហេតុការណ៌នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខក្រុមហ៊ុនហុងដា តាមបណ្តោយផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមការឆែកមើលតាមអត្តសញ្ញាណប័ណ្ណក្នុងកាបូប ជនរងគ្រោះមានឈ្មោះកង សុភ័ត្រ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិក្តុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

តាមសម្តីម្ចាស់រ៉ឺម៉កកង់បីឈ្មោះ យ៉ាង សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅកាណាស៊ីធី សង្កាត់ចោមចៅទី២ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានធ្វើដំណើរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកើត ចំណែកជនរងគ្រោះ(សព)ជិះម៉ូតូម៉ាកនិច ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1M- 7343 ធ្វើដំណើរមកពីក្រោយគាត់។

លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូ និងកិនចំក្បាលជនរងគ្រោះជាអ្នកបើកបរម៉ូតូបណ្តាលឲ្យបែកក្បាលធ្លាយខួរចេញមកក្រៅ ស្លាប់យ៉ាងអាណោចអាធ័ម ។

បន្ទាប់មករថយន្តមិនទាន់អស់ល្បឿនក៏បន្តមកបុករ៉ឺម៉កកង់បីគាត់ថែមទៀត បណ្តាលឲ្យក្រឡាប់ផ្ងារជើងតែសំណាងដែរដែលមិនរងរបួស ហើយភ្លាមៗនោះរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោលតែម្តង។ ចំណែកសពត្រូវបានស្វែងរកសាច់ញាតិមកទទួលដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕