រាជធានីភ្នំពេញ៖ ក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនស្ពេកមេឌៀ (SPACE MEDIA ) សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ បានចុះពិនិត្យ និងសិក្សាដោយផ្ទាល់ លើទីតាំងគ្រោងសាងសង់ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារៈមន្ទីរខេត្តពោធិ៍សាត់ ដែលនឹងឈានដល់ការស្ថាបនា ក្នុងពេលឆាប់ៗខាងមុខ។

លោក ឃុត ឧសភា នាយករដ្ឋបាលសាលា ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រោមការចង្អុលការពី លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចាត់ឱ្យក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនស្ពេកមេឌៀ (SPACE MEDIA) សហការជាមួយរដ្ឋបាលខេត្ត ដើម្បីចុះពិនិត្យ និងសិក្សាជាក់លាក់ លើទីតាំងគ្រោងសាងសង់ស្ពានអាកាសថ្មើរជើងនេះ ធ្វើយ៉ាងណាឱ្យមានសោភណ្ឌភាព និងសមស្របតាមលក្ខណៈបច្ចេកទេស។

លោកនាយករដ្ឋបាលបន្តថា ស្ពានអាកាសថ្មើរជើង ថ្មីស្រឡាងនេះ នឹងត្រូវសាងសង់ឡើងក្នុងឆាប់ៗខាងមុខ ស្របពេលដែលច្រាំងស្ទឹង និងសួនច្បារ ១៤មករា ត្រូវបាននឹងកំពុងស្ថាបនាជិតរួចរាល់ហើយ។ ស្ពានអាកាសថ្មើរជើងថ្មីនេះ នឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់សោភ័ណភាព និងមុខមាត់ខេត្តពោធិ៍សាត់ មិនតែប៉ុណ្ណោះក៏បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពេលអ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវនេះ។

លោកនាយករដ្ឋបាលបន្ថែមថា ខេត្តក៏មានគម្រោងកែលម្អសោភ័ណភាពក្រុង ឱ្យមានលក្ខណៈទាក់ទាញ និងស្រស់បំព្រង តាមរយៈការដាក់ភ្លើងបំភ្លឺផ្លូវសំខាន់ៗ តាមទីសាធារណៈក្នុងក្រុងពោធិ៍សាត់ ព្រមទាំងមានគម្រោងបន្ថែម ជុំវិញការដាំដើមឈើ នៅអមសង្ខាងផ្លូវវៀងក្រុងផងដែរ។

គួរបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនេះ ត្រូវបានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ពិនិត្យ និងអនុម័តស្ថាបនា ក្នុងកិច្ចប្រជុំលើកទី១២ ឆ្នាំទី១ អាណត្តិទី៣ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ នៅវេទិកាសាលាខេត្តពោធិ៍សាត់ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពក្រុងពោធិ៍សាត់ និងដើម្បីសម្រួលដល់ការធ្វើដំណើរ របស់អ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវនេះ៕