ភ្នំពេញ៖ នារីម្នាក់ បានស្លាប់ចោលកូនតូច២នាក់ ខណៈត្រូវអតីតប្ដីកំណាចចាក់ប្រហារជាច្រើនកាំបិត នៅកណ្ដាលថ្នល់ទាំងយប់អធ្រាត្រ​ បន្ទាប់ពីលែងលះគ្នា ( នារីរងគ្រោះនេះ បានលែងលះជាមួយប្ដីដាច់ស្រេចរួចទៅហើយ តែជនដៃដល់ជាប្ដីនៅតែចងកម្មពារ តាមសម្លាប់នាងទាល់តែបាន) រួចចូលសារភាព។ ហេតុការណ៍នេះបានបង្កឲ្យមានភ្ញាក់ផ្អើលកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកហូរកើត ឃុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សពស្ត្រីរងគ្រោះឈ្មោះ កៅ ស្រីកែវ អាយុ២៦ឆ្នាំ មានស្រុកកំណើតស្ថិតនៅភូមិក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ គាត់បានឃើញស្ត្រីម្នាក់ បានដេកស្លាប់កណ្ដាលថ្នល់ក្នុងថ្លុកឈាម ត្រូវបានជនដៃដល់ចាក់សម្លាប់ចំនួន ៣ កាំបិត ចំពីមុខ១កាំបិត និងក្រោយខ្នង២កាំបិត បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

បន្ទាប់ពីចាក់សម្លាប់នារីរងគ្រោះរួច ជនដៃដល់បានយកទូរស័ព្ទរបស់នារីរងគ្រោះ ខលទៅបងប្រុសរបស់នាងថា ខ្លួនបានចាក់សម្លាប់ប្អូនបងហើយ រួចក៏រត់គេចខ្លួនចូលដីឡូត៍មួយកន្លែងជាប់នឹងកន្លែងកើតហេតុ ហើយបានបន្តរត់ឆ្ពោះទៅសារភាព នៅក្នុងស្រុកកណ្ដាលស្ទឹងថា ខ្លួនបានចាក់សម្លាប់នារីរងគ្រោះជាប្រពន្ធ ដោយសារភ្លើងប្រច័ណ្ឌ។

សូមបញ្ជាក់ផងដែរថា នារីរងគ្រោះកំព្រាឪពុកម្ដាយ មានតែពីរនាក់បងប្រុសបង្កើតតែប៉ុណ្ណោះ។ ហើយមានកូន ២ នាក់នៅក្នុងបន្ទុក។ តាមប្រភពព័ត៌មានដែលយើងទទួលបាន គឺនារីរងគ្រោះនេះ បានលែងលះជាមួយប្ដីដាច់ស្រេចរួចទៅហើយ តែជនដៃដល់ជាប្ដីនៅតែចងកម្មពារ តាមសម្លាប់នាងទាល់តែបាន។

សមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិច័យទៅសពនារីរងគ្រោះ ពិនិត្យរួចហើយបញ្ជាក់ថា នារីរងគ្រោះត្រូវបានជនដៃដល់ចាក់សម្លាប់ចំនួនបីកាំបិតចិតបន្លែដងលឿនមួយកាំបិត ចំផ្នែកខាងមុខពីកាំបិតទៀត ចំខ្នងខាងក្រោយ១កាំបិត ។

ក្រោយពិនិត្យរួចរាល់ក៏ធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចសាកសួរ និងធ្វើកំណត់ហេតុ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការចាត់តាមផ្លូវច្បាប់ ៕