រដ្ឋធានីប៉េកាំង៖ និស្សិតជាជនជាតិចិនម្នាក់ ត្រឡប់ពីសិក្សា នៅ ប្រទេស អង់គ្លេស ហើយធ្វើដំណើរទៅលេងប្រទេសកំណើត ចំពេលផ្ទុះការរាតត្បាត នៃកូវីដ-១៩ ធ្វើឲ្យឪពុកម្ដាយ មិនចង់ឲ្យកូនវិលត្រឡប់ទៅវិញ ហើយ នាំ​គ្នារារាំង តែកូនអកតញ្ញូមិនស្ដាប់តាមដំបូន្មានរបស់អ្នកមានគុណ ក៏បង្ក​ឲ្យកើតជាជម្លោះ រហូតហ៊ានលើកដៃសម្លាប់ពួកគាត់ រួចរត់គេច​ខ្លួនមក​ស្រុកខ្មែរ តែអស់លក្ខណ៍ ត្រូវសមត្ថកិច្ចចាប់បញ្ជូនត្រឡប់ទៅវិញ ហើយ​អាច​ប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ប្រសិនបើតុលាការ​ចិនរក​ឃើញទោសកំហុសដូចការចោទប្រកាន់មែន។

បើតាមសារព័ត៌មានអង់គ្លេស Daily Mail បានផ្សាយ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ថា និស្សិតបរទេសជាជនជាតិម្នាក់ ឈ្មោះ Huang Mouyang អាយុ២២ឆ្នាំ បានមកសិក្សា នៅក្នុងប្រទេសអង់គ្លេស។ លុះ​ក្រោយពេលសម្រាកពីការសិក្សា និស្សិតម្នាក់នេះ​បានធ្វើដំណើរ​ទៅលើ​ឪពុកម្ដាយ នៅក្នុងប្រទេសចិន។ ប៉ុន្ដែនៅក្នុងអំឡុងពេលការផ្ទុះឡើង នៃ​កូវីដ-១៩នេះ និស្សិតរួបនេះចង់វិលត្រឡប់មកកាន់ប្រទេសអង់គ្លេសវិញ តែឪពុកម្ដាយឃាត់ឃាំង ព្រោះខ្លាចកូនឆ្លងជំងឺដ៏កាចសាហាវនេះ។ ដោយ​សារតែការឃាឃាំងរបស់របស់ឪពុកម្ដាយ ទើបធ្វើឲ្យនិស្សិតរូប​នេះផ្ទុះ​កំហឹង​ឡើង ហើយសម្លាប់ពួកគាត់ទាំង២នាក់។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលធ្វើសកម្មភាពរួចហើយ ជន​សង័្សយបានរត់គេចខ្លួន មកកាន់ប្រទេសកម្ពុជា ដើម្បីសំងំលាក់ខ្លួន។ លុះ​មកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ច​​កម្ពុជា​បានឃាត់ខ្លួន​ជន​អន្ដោប្រវេសន៍ខុសច្បាប់ នៅក្នុងរាជធានីភ្នំពេញ ក៏ប៉ះចំលើជនសង័្សយ ហើយបញ្ជូនទៅកាន់ប្រទេសចិនវិញ តាមជើងហោះហើរលេខ CZ8314 កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

ប្រភពព័ត៌មានដដែល បានបន្ដថា ជនសង័្សយ មានឪពុកជាមេធាវី និង​ម្ដាយ​ជាសាស្រ្ដាចារ្យ។ រីឯជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ ត្រូវគេ​ប្រទះ​ឃើញស្លាប់ នៅក្នុងអន្ដេវាសិកដ្ឋាន នៃសាលារៀនមួយ នៅក្នុងទីក្រុង Nanning នាភាគខាងត្បូងតំបន់ស្វយ័ត Guangxi Zhuang កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

ជាមួយគ្នានេះដែរ អាជ្ញាធរចិន បានបញ្ជាក់ថា ការស្លាប់របស់​ជនរងគ្រោះ​ទាំង២នាក់នេះ សមត្ថកិច្ចចិន​ដាក់ការសង័្សយ​ទៅលើកូនប្រុសរបស់​ពួក​គេ។ ប្រសិនបើតុលាការរកឃើញជនសង័្សយ ពិតជាបានប្រព្រឹត្ដ​ទោស​កំហុស ដូចការចោទប្រកាន់នេះមែន ជនសង័្សយអាចប្រឈម​មុខនឹង​ទោសប្រហារជីវិត៕