ភ្នំពេញ ៖ លោកហ៊ាង រតនា ប្រធាននាយកដ្ឋាននីតិកម្ម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាតូម ខែ ភី ថល និងជាមន្ត្រីយោធាពាក់សក្តិ៥ ដែលជាប់ពាក់ព័ន្ធការបន្លំអត្តសញ្ញាណចូលពន្ធនាគារព្រៃស ដើម្បីគំរាមកំហែងអតីតអគ្គនាយករងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាតូម ខែ ភី ថល ដែលបច្ចុប្បន្នកំពុងជាប់ឃុំនៅពន្ធនាគារនោះ បានត្រូវលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទកំហែងយក រួចបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី និងឈានដល់ការសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនហើយ។
ដើមបណ្ដឹងឈ្មោះអ៊ុក គីរី រតនៈ អតីតអគ្គនាយករងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អាតូម ខែ ភី ថល បានដាក់ពាក្យបណ្តឹងមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ជនត្រូវចោទឈ្មោះហ៊ាង រតនា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរប្រធាននាយកដ្ឋាននីតិកម្ម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាតូម ខែ ភី ថល មានទីលំនៅផ្ទះលេខ៥២E0 ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ពីបទប៉ុនប៉ងកំហែងយក កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២៖១៥នាទីរសៀល នៅមណ្ឌលអប់រំ កែប្រែទី១ រាជធានីភ្នំពេញ ។

ក្នុងពាក្យបណ្តឹងរបស់ឈ្មោះអ៊ុក គីរី រតនៈ បានរៀនរាប់ពីដំណើររឿងថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រហែល២៖១៥នាទីរសៀល លោកត្រូបានមន្ត្រីពន្ធនាគារ មកហៅឲ្យទៅជួបគ្រួសារដែលមកសួរសុខទុក្ខ តែពេលទៅដល់ លោកពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារអ្នកមជួបនោះ គឺជាឈ្មោះ ហ៊ាង រតនា និងបុរស ម្នក់ទៀត (ពុំស្គាល់អត្តសញ្ញាណ) មកជួបលោកជាលក្ខណៈឯកជនក្នុងពន្ធនាគារ ។ ក្នុងការជួបនោះ ឈ្មោះ ហ៊ា ង រតនា តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាតូម បានគំរាមកំហែងលោកថា៖ “ គាត់បានដឹងទាំងអស់ ពីរឿងដែលឯង (អ៊ក គីរីរតនៈ) ពឹងពាក់មេធាវីឲ្យសុំធានានៅក្រៅឃុំ ” ។ មិនតែប៉ុណ្ណោះ ឈ្មោះហ៊ង រតនា បានបន្តគំរាមកំហែងទៀតថា៖ “ មិនបាច់ទៅចំណាយលុយ៥០០០០ដុល្លារអាមេរិក ទៅ៦០០០០ដុល្លារអាមេរិក ទេ វាឥតប្រយោជន៍ទេ បើទោះជាឯង(អ៊ុក គីរីរតនៈ) អាចចេញក្រៅឃុំបាន ក៏ខ្ញុំនឹងរកវិធីដាក់ករណីផ្សេងៗ ទៀត ដើម្បីនាំខ្លួនឯង(អ៊ុក គីរីរតនៈ ) មកដាក់ពន្ធនាគារដដែលទេ ហើយទោះអ្នកឯងទៅពឹងមេធាវីណា ក៏ពុំ មានប្រយោជន៍ដែរ ” ។ លើសពីនេះ ឈ្មោះហ៊ាង រតនា ថែមទាំងតាមដានរាល់សកម្មភាពរបស់ក្រុមហ៊ុន ដែល លោកបានចូលហ៊ុនគ្នារកស៊ីជាមួយមិត្តភក្តិនោះ មិនសូវមានដំណើរការទេ ដោយដឹងថា ផ្ទះរបស់លោកកំពុងជាប់ បញ្ចាំនៅធនាគារ ។

ដោយផ្អែកលើស្ថានភាពទន់ខ្សោយរបស់លោក និងក្រុមគ្រួសារឈ្មោះហ៊ាង រតនា បានប្រើមធ្យោបាយទុច្ចរិត បោកបញ្ឆោតផង គំរាមនិងបង្ខំឲ្យលោកទៅខ្ចីលុយពីឯកជន ដើម្បីលោះប្លង់ដី និងផ្ទះចេញពីធនាគារ និងនៅសល់ លុយ យកមកឲ្យគាត់ ដើម្បីជាការដោះដូរជាមួយនឹងការដកពាក្យបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ៩០ ៩៣ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ របស់សាលាដំបូងរាជធានីភ្នំពេញ និងឲ្យលោកបាននៅក្រៅឃុំ និង ឲ្យលោកគិតពីកូន និងប្រពន្ធនៅខាងក្រៅ ហើយកុំស្តាយពីទ្រព្យសម្បត្តិ ព្រោះអី ទ្រព្យសម្បត្តិអាចរកមកវិញបាន ទេ (ន័យនេះ ឈ្មោះហ៊ាង រតនា បំភ័យលោក ដើម្បីឲ្យលោកមានការភិតភ័យ និងព្រមយកប្លង់ដី និងផ្ទះទៅខ្ចី លុយពីឯកជន យកមកឲ្យគាត់ ) ។

អំពើរបស់ឈ្មោះហ៊ាង រតនា បានធ្វើឲ្យលោកមានការភិតភ័យ និងតក់ស្លុតយ៉ាខ្លាំង ព្រោះគាត់បានគំរាមលោក និងបានតាមដានរាល់ព័ត៌មានឯកជន គ្រួសារ អាជីវកម្ម និងទ្រព្យសម្បត្តិរបស់លោកដែលជាហេតុធ្វើឲ្យលោក មានការបារម្ភពីសុវត្ថិភាពរបស់គ្រួសារ រួមទាំងសុវត្ថិភាពលោកផងដែរ ។

លោកអ៊ុក គីរីរតនៈ បានសំណូមពរតុលាការថា ដើម្បីថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម លោក សូមសំណូមពរលោកព្រះរាជអាជ្ញាមេត្តាចាត់ការតាមនីតិវិធី ដោយបើកការចោទប្រកាន់លើឈ្មោះហ៊ាង រតនា ពី បទប៉ុនប៉ងកំហែងយក និងទាមទារសំណងជម្ងឺចិត្តចំនួន ១០,០០០ ដុល្លារអាមេរិក ។បន្ទាប់ពីបានទទួលចាត់ការពាក្យបណ្តឹងនេះ លោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញបានធ្វើលិខិតទៅពន្ធនាគារដើម្បីបញ្ជាក់ការពិត។

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោកឆែម សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារនិង ជាប្រធាន មណ្ឌលអប់រំកែប្រែទី១ បានធ្វើលិខិតបញ្ជាក់ពីករណីចូលជួបសួរសុខទុក្ខជនជាប់ឃុំចំនួន០៣នាក់នៅមណ្ឌល អប់រំ កែប្រែទី១ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២៖១៥នាទីរសៀលនោះ ជូនលោកព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថា នៅវេលាម៉ោង១៖៤០នាទីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ សក់ តុង ហេង អនុប្រធានមណ្ឌលអប់រំកែប្រែទី១ ទទួលផែនប្រតិបត្តិ បាន សុំការអនុញ្ញាតពីលោក ឲ្យឈ្មោះហ៊ាង រតនា និងមិត្តភក្តិម្នាក់ទៀត (មិនស្គាល់ឈ្មោះ) ដែមានលេខទូរសព្ទ័ (០១៧ ៧៧៩ ៦៦៦, ០១២ ១៣៤៥ ៦៧៨ ) បានចូលជួបជនជាប់ឃុំចំនួន០៣នាក់គឺ ០១- អ៊ុក គីរីរតនៈ ០២- អ៊ូ វាសនា និង០៣- លី សុខ គា ពិតប្រាកដមែន ដោយស្នើសុំជួបសួរសុខទុក្ខធម្មតាក្នុងនាមជាមិត្តភក្តិ លោកក៏អនុញ្ញាតឲ្យជួប មិនស្មានថាយកការអនុញ្ញាតរបស់មណ្ឌលឲ្យជួប ជាការគាបបង្ខំលើជនជាប់ឃុំនោះទេ ៕