ខេត្តសៀមរាប ៖ ក្តឹបចោរ៣នាក់ មិនទាន់ជ្រុះពន្លៃអស់ពីក្បាលស្រួលបួលផង តែមានដុងខាងលួចទ្រព្យសម្បត្តិរបស់អ្នកស្រុកឡើងឈ្ងុយជាច្រើនលើក។ លុះពេលកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍សង្កាត់គោកចក ធ្វើស្រាវជ្រាវស្គាល់មុខសញ្ញា ក៏បើកប្រតិបត្តិការចាប់ក្របួចនាំមកចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះសុទ្ធ វណ្ណៈ ហៅណាក់ ភេទប្រុស អាយុ១៦ឆ្នាំ ។ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពគាសសោបន្ទប់យកធុងប៉ាស និងអំភ្លី របស់ជនរងគ្រោះឈ្មោះ កប ចំរើន ហៅកាភិម ភេទប្រុស អាយុ៣៩ឆ្នាំ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតម្តុំផ្សាដើមក្រឡាញ់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ក្រោយមកទៀត ជនសង្ស័យរូប និងបក្ខពួក បានធ្វើសកម្មភាពគាស់សោចូលក្នុងផ្ទះ លួចយកធុងប៉ាសម៉ាកJBL១ អំភ្លី១ នាឡិកា១ ទើបសមត្ថកិច្ចចាប់ខ្លួនបាន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សុទ្ធ វណ្ណៈ បានសារភាពថា រូបគេធ្លាប់លួចសម្ភារៈ នៅផ្ទះឈ្មោះកប ចំរើន ហៅភីម ចំនួន៣លើក ដោយលួចម៉ូទ័របូបទឹកទៅលក់បាន៣ម៉ឺនរៀល , លួចទូរស័ព្ទម៉ាកសាំស៊ុង លក់បាន១០ម៉ឺនរៀល និងប្រាក់ដុល្លារប្រហែលជាង១០០ដុល្លារ យកទៅទិញថ្នាំញៀនជក់អស់ប្រហែលបីកញ្ចបតូច ។

ជនសង្ស័យទី២-ឈ្មោះ ឡេង ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ និងទី៣-ឈ្មោះវ៉ាន់ វិសាល ភេទប្រុស ១៦ឆ្នាំ អ្នកទាំងពីរនៅភូមិមណ្ឌលបី និងបក្ខពួកម្នាក់ទៀត ឈ្មោះហួត វីរៈ ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិបឹងដូនប៉ា សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួន។

ជនសង្ស័យទាំង៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់៕