ខេត្តកណ្តាល៖ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ដែលបានទិញដីឡូតិ៍ពីលោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជា«ម្ចាស់គម្រោងដីឡូតិ៍ក្រុងតាខ្មៅថ្មី» បាននាំគ្នាប្រមូលផ្តុំនៅមុខសាលាខេត្តកណ្តាល ម្ដងរួចមកហើយ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ថ្មីៗនេះ ទាមទារឱ្យលោកអំ សំអូន ធ្វើប្លង់រឹងជូនពលរដ្ឋ តាមការសន្យា ព្រោះខកខានរយៈពេលជាង២ឆ្នាំមកហើយ ។

លោក រឿន រ៉ែន តំណាងប្រជាពលរដ្ឋ បានថ្លែងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ថា រហូតមកទល់ពេលនេះ លោកអំ សំអូន នៅតែមានចេតនាមិនធ្វើប្លង់រឹងជូនប្រជាពលរដ្ឋតាមការសន្យាឡើយ ហើយលោកនឹងប្តឹងទៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យជួយអន្តរាគមន៍បន្ថែមទៀតចំពោះបញ្ហានេះ ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បាននិយាយថា អាជ្ញាធរកំពុងពិនិត្យលើឯកសារពាក់ព័ន្ធ ហើយ ហ់យនឹងអញ្ជើញប្រជាពលរដ្ឋដែលបានទិញដីឡូតិ៍ពីលោក អំ សំអូន នោះ មកជួបពិភាក្សាគ្នា ជុំវិញបញ្ហានេះ នាពេលខាងមុខ ។

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បានអោយដឹងថា លោក អំ សំអូន បានទទួលប្រាក់ពីប្រជាពលរដ្ឋទាំងអស់គ្នា ខ្លះបានផ្តល់ឱ្យគ្រប់ចំនួន រីឯខ្លះទៀតនៅសល់បន្តិចបន្តួច និងចាំទទួលបានប្លង់រឹងទើបបង់ប្រាក់បង្គ្រប់ ។ ដីឡូតិ៍នីមួយៗ គឺទទួលបានការសន្យាពីឈ្មោះ សុខ វិចិត្រ ដែលជាតំណាងលោកអំ សំអូន ថា រយៈពេល៣ទៅ៦ខែ នឹងទទួលបានប័ណ្ណកម្មសិទ្ធិប្លង់រឹង ក្រោមការរៀបចំឯកសារកាត់ប្លង់រួច និងចេញបង្កាន់ដៃដោយលោកម៉ែន សាមិទ្ធ មន្ត្រីសូរិយោដីស្រុកស្អាង ។ប៉ុន្តែ មកដល់ពេលនេះ ប្រជាពលរដ្ឋនៅតែពុំទាន់ទទួលបានប័ណ្ណកម្មសិទ្ធិប្លង់រឹងនៅឡើយទេ ៕