ភ្នំពេញ៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់បន្ថយឋានន្តរស័ក្ត លោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា ចំនួន២ថ្នាក់ មកត្រឹមជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) វិញ នៅក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បន្ថយឋានន្តរស័ក្តិចំនួន២ថ្នាក់ មកត្រឹមជាឧត្តមសេនីយ៍ត្រីវិញ បន្ទាប់ពីរាជរដ្ឋាភិបាលដកតំណែងពីអគ្គនាយករង កន្លងមក។

ការចេញព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក សៀន សុវណ្ណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃផងដែរ។

កន្លងមក នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានបង្ហើបឱ្យដឹងថា ការបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា គឺក្រោយពីមានភាពមិនប្រក្រតីជាច្រើនដូចជា ការពោលពាក្យញុះញង់បំបែកបំបាក់មន្ត្រីទាំងក្នុងអង្គភាព និងក្រៅអង្គភាព, បំភ្លៃបំផ្លើសការពិតលើការពិតជាក់ស្តែងក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងជួរថ្នាក់ដឹកនាំ ក៏ដូចជាជួរមន្ត្រី ហើយគ្មានក្រមសីលធម៌ ក្នុងភាពជាអ្នកដឹកនាំ ជាពិសេសក្នុងនាមជាសវនករផ្ទៃក្នុង, ការពោលពាក្យគំរាមមេដឹកនាំ ក្នុងខណៈដែលខ្លួនបំពេញការងារខុសឆ្គង ហើយក្នុងនោះ ក៏មានពាក្យបណ្តឹងពីមន្ត្រីនៅថ្នាក់មូលដ្ឋានផងដែរ។

នាយឧត្តមសេនីយ៍ ធឹម សុផា បានបញ្ជាក់ថា ការដំឡើងឋានន្តរស័ក្តិ ក៏ដូចជាការដាក់ពិន័យរបស់កងកម្លាំង គឺផ្អែកទៅលើលក្ខន្តិកៈ បទបញ្ជា វិន័យរបស់កងកម្លាំង ហើយអ្វីដែលជាការសម្រេចរបស់ថ្នាក់ដឹកនាំ គឺផ្អែកទៅលើក្រុមប្រឹក្សាវិន័យរបស់អង្គភាព ដែលបានធ្វើការវាយតម្លៃនៅក្នុងការអនុវត្តជាក់ស្តែងរបស់រូបវន្តបុគ្គលនីមួយៗ។​ ក្រុមប្រឹក្សាវិន័យបានរកឃើញលោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា មានកំហុសឆ្គងចំនួន១៣ចំណុច ៕