មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយថា ប្រទេសថៃនឹងទទួលភ្ញៀវទេសចរបរទេសលើកដំបូងរបស់ខ្លួន នៅពេលដែលជើងហោះហើរពីប្រទេសចិន ទៅដល់ប្រទេសនេះនៅសប្តាហ៍ក្រោយនេះ ដោយកត់សម្គាល់ពីការចាប់ផ្តើមឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍ដែលត្រូវបានរងផលប៉ះពាល់បណ្តាលមកពីមេរោគកូរ៉ូណា។

ប្រធានអាជ្ញាធរទេសចរណ៍ថៃ លោក យុទ្ធថាសាក់ ស៊ូបាសន បានប្រាប់ព័ត៌មានរ៉យទ័រថា ការហោះហើរលើកដំបូងនឹងមានភ្ញៀវទេសចរប្រហែល ១២០ នាក់មកពីទីក្រុងក្វាងចូវ តាមរយះជើងហោះហើរដោយផ្ទាល់ ទៅកាន់កោះរមណីយដ្ឋានភូកេត។

ប្រទេសថៃ មានករណីឆ្លងមេរោគកូរ៉ូណាទាបនៅត្រឹមតែ ៣,៥៥៩ ករណី និងអ្នកស្លាប់ចំនួន ៥៩ នាក់ ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសនេះ បានទទួលរងការវាយប្រហារដោយសារ ការដាក់បំរាមលើភ្ញៀវទេសចរណ៍បរទេសចាប់តាំងពីខែមេសា មកហើយសេដ្ឋកិច្ចប្រទេសនេះ ត្រូវបានរំពឹងថានឹងធ្លាក់ចុះ ៨.៥ ភាគរយនៅឆ្នាំនេះ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ត្រៃស៊ូលី ត្រៃសូរ៉ាន់ណាគុល រំពឹងថានឹងមានភ្ញៀវទេសចរ នៅក្នុងខែដំបូង និងបង្កើតបានប្រាក់ចំណូលប្រមាណ ១ ពាន់លានបាត ស្មើនឹង៣១.៥៥ លានដុល្លារអាមេរិក និង ១២.៤ ពាន់លានបាតក្នុងរយៈពេលមួយឆ្នាំ ដែលទាក់ទាញភ្ញៀវទេសចរ ១៤,៤០០ នាក់។ ជនជាតិដែលត្រូវបានអនុញ្ញាតឱ្យចូលទៅប្រទេសនេះ គឺមកពីប្រទេសដែលត្រូវបានគេចាត់ទុកថាមានហានិភ័យទាប ។

រដ្ឋាភិបាលព្យាករណ៍ថា មានតែភ្ញៀវទេសចរបរទេសចំនួន ៦.៧ លាននាក់ប៉ុណ្ណោះនៅឆ្នាំនេះ បើធៀបទៅនឹងចំនួន៣៩.៨ លាននាក់ក្នុងឆ្នាំ ២០១៩ ដែលការចំណាយបានកើនឡើងប្រហែល ១១.៤ ភាគរយនៃផលិតផលក្នុងស្រុកសរុប។