ក្រុមហ៊ុន Walt Disney បាននិយាយថា ក្រុមហ៊ុន នឹងបញ្ឈប់បុគ្គលិកចំនួន ២៨,០០០ នាក់ នៅក្នុងផ្នែកឧទ្យានកម្សាន្តរបស់ខ្លួន ខណៈពេលដែលរមណីយដ្ឋាន កំពុងជួបការលំបាកដោយសារការកំណត់ចំនួនភ្ញៀវ ចំពេលមានជំងឺរាតត្បាត។

ក្រុមហ៊ុន Disney បានបើកឧទ្យានទាំងអស់ឡើងវិញ លើកលែងតែ Disneyland នៅ រដ្ឋ California ប៉ុណ្ណោះ។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រហែល ២ ភាគ ៣ នៃនិយោជិកដែលបានបញ្ឈប់ គឺជាបុគ្គលិកក្រៅម៉ោង។ ក្រុមហ៊ុន Disney បានបិទសួនកម្សាន្តរបស់ខ្លួននៅទូទាំងពិភពលោក នៅពេលដែលមេរោគនេះបានចាប់ផ្តើមរីករាលដាលនៅឆ្នាំនេះ។

លោក Josh D’Amaro ប្រធានអង្គភាពឧទ្យានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងបានធ្វើការសម្រេចចិត្តដ៏លំបាក ដើម្បីចាប់ផ្តើមដំណើរការនៃការកាត់បន្ថយកម្លាំងពលកម្មនៅតាមឧទ្យានកំសាន្តនានា។ លោកបានលើកឡើងពីសមត្ថភាពមានកំណត់របស់ឧទ្យាន និងភាពមិនច្បាស់លាស់ អំពីរយៈពេលនៃជំងឺរាតត្បាតដែលលោកបាននិយាយថា កាន់តែអាក្រក់ទៅៗនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយរដ្ឋនេះនៅតែមិនអនុញ្ញាតឱ្យ Disneyland បើកឡើងវិញបានឡើយ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Walt Disney World នៅរដ្ឋផ្លរីដា បានជួលបុគ្គលិកពេញម៉ោងនិងក្រៅម៉ោងចំនួន ៧៧,០០០ នាក់ មុនពេលមានជំងឺរាតត្បាត ខណៈពេលដែល Disneyland នៅរដ្ឋកាលីហ្វ័រញ៉ា បានជួលបុគ្គលិកចំនួន ៣២,០០០ នាក់។ ទោះជាយ៉ាងណាក្រុមហ៊ុន Disney មិនបានបង្ហាញពីចំនួនបុគ្គលិកនៅអាមេរិក ធ្វើការនៅក្នុងអង្គភាពឧទ្យាន ដែលរួមមានទាំងផលិតផលប្រើប្រាស់ ការជិះទូកកំសាន្ត និងពាណិជ្ជកម្មផ្សេងទៀតទេ។